ប្រពន្ធរបស់ផលិតករ Charles Heung បានសំណូមពរឲ្យតារាសម្ដែង Stephen Chow សូមទោសខ្លួនជាសាធារណៈព្រោះហ៊ានចោទប្ដីខ្លួនថាជាសមាជិក ក្រុមសង្គមងងឹត។
កាលពីឆ្នាំ ២០១៤ បណ្ដាញព័ត៌មានធំៗរបស់ចិនដូចជា China Daily, Taiwan.com និង Global Entertainment បានចុះផ្សាយថាផលិតករ Charles Heung គឺជាសមាជិករបស់ក្រុមសង្គមងងឹតមានឥទ្ធិពលមួយក្រុមដែលតែងក្រាញ អំណាចរបស់ខ្លួនក្នុងពិភពសិល្បៈហុងកុង។ យ៉ាងណាក៏ដោយ គ្រួសាររបស់ Charles Heung បានបដិសេធនឹងព័ត៌មាននេះហើយបានដាក់ពាក្យបណ្ដឹងទៅតុលាការថា សារព័ត៌មានខាងលើបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ក្រោយជិត២ឆ្នាំ គ្រួសាររបស់ផលិតករវ័យ ៦៧ឆ្នាំរូបនេះបានឈ្នះរឿងក្ដីនេះកាលពីខែមិថុនានេះ។
ក្រោយមក លោកស្រី Chen ក៏បានចែករំលែកពីសារសូមទោសរបស់សារព័ត៌មានខាងលើនៅលើបណ្ដាញសង្គម របស់ខ្លួនដោយបានសរសេរថា៖ “គេហទំព័រនានាគេក្លាហានហ៊ានទទួលកំហុសរបស់ខ្លួនហើយ ចុះម៉េចនៅបុរសម្នាក់ទៀតគ្មានសកម្មភាពអ្វីសោះ?”
មួយ សន្ទុះក្រោយ លោកស្រី Chen បានបង្ហោះរូបភាពមួយសន្លឹករបស់ខ្លួននិងស្ដេចកំប្លែងហុងកុងក្នុង គោលបំណងរង់ចាំពាក្យសូមទោសពីលោក។ តាមនោះដែរ លោកស្រីជឿជាក់ថា តួរឿង “និស្សិតផ្ដាច់សង្ខារ” គឺជាអ្នកជួលអ្នកកាសែតសរសេរមួលបង្កាច់ប្ដីខ្លួន។ ទាក់ទងនឹងរឿងខាងលើ Stephen Chow មិនទាន់មានការឆ្លើយតបអ្វីនោះទេ៕