នាយករដ្ឋមន្ត្រីប្រចាំរដ្ឋ Madhya Pradesh របស់ឥណ្ឌា ចុះពិនិត្យស្ថានភាពទឹកជំនន់ តែត្រូវសារព័ត៌មាននានាចុះផ្សាយថា លោកខ្លាចទឹកជ្រុល

25-August-2016 | ដោយ មែន កំសត់


ញូដេលី៖ នាយករដ្ឋមន្ត្រី (មានតួនាទីជាអ្នកកាន់អំណាច ប្រតិបត្តិការរបស់រដ្ឋមួយ) ប្រចាំរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា បានចុះផ្ទាល់ទៅពិនិត្យ មើលស្ថានភាពទឹកជំនន់ នៅក្នុងដែនគ្រប់គ្រងរបស់លោក ប៉ុន្តែរូបភាពនៃ កងកម្លាំងមានសមត្ថិភាព រួមគ្នាសែងរូបលោកឆ្លង ទឹកហូរដ៏រាក់មួយនោះ បាននាំឲ្យសារព័ត៌មានទាំង ក្នុងស្រុក និងអន្តរជាតិចាប់អារម្មណ៍ ព្រមទាំងចុះផ្សាយថា លោកដូចជាខ្លាចទឹកជ្រុល។ នេះបើតាមការផ្សាយនៅមុន នេះបន្តិច ដោយសារព័ត៌មាន India Times នាល្ងាចថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦។
សារព័ត៌មានខាងលើនេះ បានរៀបរាប់ថា ប្រធានរដ្ឋមន្ត្រីលោក Shivraj Singh Chouhan ទំនងជាមិនចង់ឲ្យខ្លួនលោកប៉ះទឹកទើបសម្រេចឲ្យកងការពារ ជួយសែងលោក ធ្វើដំណើរទៅកាន់គោលដៅ ដោយឆ្លងកាត់ទឹកហូរមិនសូវជាខ្លាំង ហើយក៏មើលទៅគឺជាទឹករាក់ថែមទៀត។ តាមពិតលោក Shivraj បានព្យាយាមធ្វើដំណើរទៅកាន់ក្រុង Maihar ដែលបានកើតមានគ្រោះថ្នាក់រលំអគារ កាលពីពេលថ្មីៗនេះដោយសារទឹកជំនន់ ហើយមនុស្សរហូតដល់ទៅជាង ១០០នាក់ឯណោះបានទទួលរងរបួស។
គួរបញ្ជាក់ថាសម្រាប់រដ្ឋទាំង ២៩របស់ប្រទេសឥណ្ឌា គឺតែងតែមានអភិបាលរដ្ឋមួយ និង ប្រធានរដ្ឋមន្ត្រីមួយ ហើយអភិបាលរដ្ឋគឺជាអ្នកគ្រប់គ្រងទូទៅ ប៉ុន្តែអំណាចនៃការប្រតិបត្តិ ជាក់ស្តែងគឺធ្លាក់មកលើប្រធានរដ្ឋមន្ត្រី (Chief Minister) ឬក៏អាចនិយាយបានថា នាយករដ្ឋមន្ត្រីប្រចាំរដ្ឋមួយ៕

ចំនួនអ្នកទស្សនា

    20486497

  • ថ្ងៃនេះ6781
  • ម្សិលមិញ10901
  • សប្តាហ៍នេះ22161
  • ខែនេះ44041
  • ឆ្នាំនេះ44041
  • សរុប20486497