AFP កាលពីពេល ថ្មីៗកន្លងមកផ្សាយថាស្ត្រីវៀតណាមអាយុ៣០ឆ្នាំម្នាក់បានចំណាយប្រាក់១០០០ដុល្លារជួលមិត្តភក្តិឱ្យកាត់ដៃ និងជើងរបស់ខ្លួនប្រហែល១ភាគ៣ដើម្បីទាមទារប្រាក់ពីក្រុមហ៊ុនធានារ៉ាប់រងចំនួន១២៥.០០០ដុល្លារ ។
សមត្ថកិច្ចបានរកឃើញកំហុស ក្រៅពីធ្វើឱ្យស្ត្រីនោះដាច់ដៃ និងជើង មិត្តភក្តិនោះមានកំហុសពីបទផ្សំគំនិតគ្នាដើម្បីកិបកេងផលប្រយោជន៍អ្នកដទៃផងដែរ ។
សារព័ត៌មានក្នុងស្រុករបស់វៀតណាមបានផ្សាយកាលពីថ្ងៃទី២៥ សីហា ២០១៦ ដោយបញ្ជាក់ថាស្ត្រីនោះឈ្មោះហៅកាត់ថា «LTN» បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យតាំងពីខែឧសភា ដោយដៃ និងជើងខាងឆ្វេងត្រូវកាត់ប្រហែល១ភាគ៣ ខណៈគ្រូពេទ្យបញ្ជាក់ថា ដៃ និងជើងដែលកាត់មិនអាចតភ្ជាប់ដូចដើមវិញបានទេ ។ ក្រោយមកស្ត្រីរូបនោះត្រូវប៉ូលិសបញ្ជាក់ថា នាងទំនងជាត្រូវរថភ្លើងកិន និងបានការជួយសង្គ្រោះពីមិត្តភក្តិ ។ ក្រោយមកនាងដាក់សំណើទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងទឹកប្រាក់១២៥.០០០ដុល្លារ ។
សមត្ថកិច្ចវៀតណាមរកឃើញកំហុសរបស់នាង «LTN» ថាបានជួលមិត្តភក្តិឱ្យកាត់ដៃ និងជើងរបស់ខ្លួន ហើយប្តឹងភូតកុហកសមត្ថកិច្ច ខណៈពេលប៉ូលិសបញ្ជាក់ថា បច្ចុប្បន្នកំពុងស្ថិតក្នុងការស៊ើបអង្កេតបន្ត ៕