មុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំចំនួន២នាក់ ដែលពួកគេមានសញ្ជាតិជាជនជាតិម៉ាឡេស៊ី ត្រូវបានក្រុមតម្រួតថៃតាមប្រមាញ់ ព្រមទាំងស្ទាក់ចាប់បាន ខណៈដែលពួកគេទាំង២នាក់ បានបើកបររថយន្តដឹកថ្នាំញៀន ហើយព្យាយាមបើករត់គេចពីបារាស់ត្រួតពិនិត្យរបស់សមត្ថកិច្ច ។
តាមប្រភពព័ត៌មានដែលយើងទទួលបានគឺ កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១ និង៥នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ដោយកម្លាំងសមត្ថកិច្ចបានដាក់បារាស់ដើម្បីត្រួតពិនិត្យទៅលើរថយន្តដែលគួរឲ្យសង្ស័យ ត្រង់ចំណុចខ្លងង៉េះ ស្ថិតក្នុងឃុំផាំងឡា ស្រុកស្តៅ ខេត្តសុងខ្លា ភាគខាងត្បូងនៃប្រទេសថៃ ។
ប្រភពដដែលបានបន្តថា នៅមុនពេលនៃការបង្ក្រាបនេះដែរ គេសង្កេតឃើញមានរថយន្តចំនួន២គ្រឿង ដែលសមត្ថកិច្ចដាក់ការសង្ស័យ ក៏បានផ្តល់ជាសញ្ញាដើម្បីឲ្យអ្នកបើកបរបញ្ឈប់យាន និងធ្វើការត្រួតពិនិត្យ ផ្ទុយទៅវិញរថយន្តទី២ ដែលនៅខាងក្រោយបានព្យាយាមបើករត់គេចចេញពីបារាស់ត្រួតពិនិត្យ ទើបកម្លាំងបានដេញរហូតធ្លាក់ផ្លូវចូលទៅក្នុងព្រៃ ក្បែចំការកៅស៊ូ ទើបចាប់ខ្លួនអ្នកបើកបរបាន ។
រថយន្តទី១ ដែលជារថយន្តបើកផ្លូវ និងនាំមុខម៉ាកហុងដា ពណ៌ស ពាក់ស្លាកលេខ PGJ-9950 បើកបរដោយឈ្មោះ ឆាង វើយយិន ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិម៉ាឡេស៊ី រីឯរថយន្តទី២ដែលបានព្យាយាមបើករត់គេចដោយសារតែរថយន្តនោះ មានដឹកនូវសារធាតុញៀន គឺម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ WUR 4693 ហើយស្លាកលេខនេះ ត្រូវបានគេយកស្លាកលេខថៃមកបិទពីលើ គឺលេខ បាងកក ១៣០២ អ្នកបើកបរមានឈ្មោះ ឡៅ យ៉ងយី ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិម៉ាឡេស៊ី ។
ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចថៃបានធ្វើការដកហូតនូវថ្នាំញៀនប្រភេទ៉ាទឹកកកចំនួន ២០០គីឡូក្រាម រថយន្តចំនួន២គ្រឿង និងទូរស័ព្ទដៃចំនួន៤គ្រឿង ដោយបច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមជាមួយនឹងវត្ថុតាង ត្រូវបានក្រុមតម្រួតថៃបញ្ជូនទៅកាន់អង្គភាពជំនាញដើម្បីធ្វើការសាកសួរបន្ត ដើម្បីប្រគល់ទៅអោយតុលាការចាត់វិធានការតាមផ្លូវច្បាប់ ៕