លទ្ធភាព នៃការស្វែងរកជីវិតរស់នៅលើភពអង្គារ បានបោះជំហានខិតកាន់តែជិតគួរឲ្យកត់សម្គាល់បន្ថែមទៀត បន្ទាប់ពីភ្នាក់ងារអវកាសណាសា បានប្រកាសឲ្យដឹងពីការរកឃើញបែបវិទ្យាសាស្ត្រនៃទឹកហូរលើភពក្រហមមួយនេះកាលពីម៉ោង ១០កន្លះយប់មិញ។
ណាសាបានអះអាងថាចំណុចខ្មៅ ដែលថតជាប់លើផ្ទៃភពអង្គារនេះ ទំនងជាកើតឡើងដោយសារមានទឹកហូរឆ្លងកាត់ ឬទឹកក្រោមដីរបស់ភព។
សញ្ញាទាំងនេះមានប្រវែងវែង និងដានជាប់ខ្មៅ ខណៈរដូវបានផ្លាស់ប្ដូរ ដែលជាភស្តុតាងលើកដំបូងដែលពុំធ្លាប់បានជួបប្រទះលើភពផ្សេងៗ និងជាជំហានដំបូងដែលគេសន្និដ្ឋានថាអាចមានជីវិតសត្វរស់នៅទីនោះ។
ដានទាំងនេះបានកើតមានឡើងនៅច្រើនទីតាំងលើភពអង្គារ នៅពេលដែលសីតុណ្ហភាពស្ថិតនៅ-២៣អង្សា និងបាត់ទៅវិញដល់ពេលវាចុះត្រជាក់។
ការរកឃើញដ៏អស្ចារ្យនេះត្រូវបានចេញផ្សាយឲ្យដឹងនៅលើ ទស្សនាវដ្ដី Nature Geoscience និងបានការពិភាក្សាដេញដោលនៅក្នុងសន្និសីទកាសែតរបស់ណាសាកាលពីយប់មិញនៅទីស្នាក់ការណាសា James Webb Auditorium ក្នុងរដ្ឋវ៉ាស៊ីនតោន។
និយាយក្នុងសន្និសីទកាសែតលោក Michael Meyer មកពីមន្ទីរពិសោធន៍ Jet Propulsion ថាប្រសិនបើយើងក្រឡេកមើលបកក្រោយកាលពី ៣លានឆ្នាំមុនលើភពអង្គារនេះ នោះវាមានបរិយាកាសខុសគ្នាឆ្ងាយណាស់។ ភពនេះធ្លាប់មានមហាសមុទ្រដ៏ធំ គឺទំហំប៉ុន ២ភាគ៣ នៃ អឌ្ឍគោលខាងជើង និងមានជម្រៅជាង ១,៦គីឡូម៉ែត្រ ប៉ុន្តែមានបាតុភូតអ្វីមួយកើតឡើង។
ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់អាចសន្និដ្ឋានបានទាំងស្រុងនៅឡើយទេថា វាធ្លាប់មានជីវិតសត្វ រុក្ខជាតិរស់នៅឲ្យប្រាកដនោះទេ៕
ប្រភព៖ dailymail , sabay