WASHINGTON: មន្ត្រីម្នាក់បាននិយាយថា កាលពីថ្ងៃសុក្រទី២ខែតុលា មនុស្ស១១នាក់ រួមទាំងកម្លាំងយោធាអាមេរិក៦នាក់ ស្លាប់ដោយការធ្លាក់យន្តហោះដឹកជញ្ជូនយោធាអាមេរិកប្រភេទ C-130 នៅ Jalalabad ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។ យោធាអាមេរិក លោកវរៈសេនីយ៍ Brian Tribus បាននិយាយថា ក្រុមអាកាសយានិក និងអ្នកដំណើរទាំងអស់បានស្លាប់ ដោយមានមន្ត្រីស៊ីវិលជាប់កិច្ចសន្យា៥នាក់នៅក្នុងយន្តហោះនេះផងដែរ ។ ហេតុការណ៍នេះបានកើតឡើងនៅពាក់កណ្ដាលយប់ថ្ងៃសុក្រ ម៉ោងក្នុងតំបន់ ។ មន្ត្រីស៊ីវិលទាំងនេះកំពុងធ្វើការ ក្នុងគម្រោងគាំទ្រដំណោះស្រាយ នៃបេសកកម្មហ្វឹកហ្វឺនដឹកនាំដោយអង្គការណាតូ ។ យន្តហោះ C-130 Hercules ជាប្រភេទយន្តហោះដឹកទំនិញផលិតដោយក្រុមហ៊ុន Lockheed Martin ។ យន្តហោះនេះដំណើរការដោយម៉ាស៊ីនចំនួន៤ ហើយត្រូវបានប្រើប្រាស់ដោយយោធាដើម្បីដឹកកងកម្លាំង និងអាវុធធនធ្ងន់ ។ យន្តហោះប្រភេទនេះ អាចហោះ និងចុះចត លើដីរដាក់រដុប និងដីភក់ ហើយជាទូទៅត្រូវបានប្រើប្រាស់ដោយយោធាអាមេរិកក្នុងទីតាំងរបស់សត្រូវ ។