ប៉ុស្តិ៍ទូរទស្សន៍របស់រុស្ស៊ីបានចាក់ផ្សាយអំពីគ្រោងការសម្ងាត់មួយ ដែលទាក់ទងនឹងផែនការគ្រាប់បែកនុយក្លេអ៊ែររបស់រុស្ស៊ី ដោយការយល់ច្រឡំដោយអចេតនា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ។
ខាងវិមាន ក្រឹមឡាំង (Kremlin) បានទទួលស្គាល់ថាទូរទស្សន៍រុស្ស៊ីបានចាក់ផ្សាយពីផែនការខាងលើនោះមែន។ ប៉ុស្តិ៍ទូរទស្សន៍ពីរ NTV និង Channel One ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វិមានក្រឹមឡាំងបានបញ្ចាំងនូវ វីដេអូឯកសារយោធាដែលបង្ហាញពីប្លង់គម្រោងលម្អិតនៃប្រព័ន្ធ សព្វាវុធឈ្មោះថា Status-6 រៀបចំដោយក្រុមហ៊ុនសាងសង់នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ Rubin មូលដ្ឋាននៅទីក្រុង St Petersburg ប្រទេសរុស៊្សី។
ការផ្សាយក្នុងប៉ុស្តិ៍ទូរទស្សន៍រយៈពេលតែប៉ុន្មាន វិនាទី បានបង្ហាញពីប្រព័ន្ធសព្វាវុធនោះ គឺជាគ្រាប់បែកនុយក្លេអ៊ែរដែល បាញ់ចេញពីនាវាមុជទឹក ហើយអាចបង្កជាដែនវិទ្យុសកម្មក្នុងរយៈពេលយូរមួយ។ វីដេអូនោះគឺបានថតឡើងក្នុងអំឡុងពេលកិច្ចប្រជុំរបស់ ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ជាមួយថ្នាក់ដឹកនាំយោធារុស្ស៊ី ក្នុងទីក្រុង Sochi តំបន់សមុទ្រ Black Sea កាលពីថ្ងៃចន្ទកន្លងទៅ។
ការចាក់ផ្សាយដោយបញ្ហាច្រឡំនេះ បានកើតឡើងកាលពីថ្ងៃអង្គារ កន្លងទៅក្រោយមកវាត្រូវបានគេលុបចោលវិញ ប៉ុន្តែសារព័ត៌មានជាច្រើនបានចាប់អារម្មណ៍ពីរឿងនេះ និងបានបង្ហោះនូវរូបភាពផ្ដិតជាប់បានទៀតផង។
“វាជាការពិត ទិន្នន័យសម្ងាត់មួយចំនួនត្រូវបានផ្សាយ ប៉ុន្តែវាត្រូវបានគេលុបវិញ។ ថ្ងៃខាងមុខវានឹងមិនកើតមានឡើងទៀតឡើយ”។ នេះបើតាមអ្នកនាំពាក្យលោកប្រធានាធិបតីរុស្ស៊ី គឺលោក Dmitry Peskov បានប្រាប់ទៅសារព័ត៌មាន។
រហូតមកដល់ពេលនេះ ដើមហេតុនៃបញ្ហាការច្រឡំចាក់ផ្សាយពីផែនការសម្ងាត់រុស្ស៊ី តាមប៉ុស្តិ៍ទូរទស្សន៍ មិនទាន់មានការបញ្ជាក់ឲ្យដឹងច្បាស់លាស់នៅឡើយទេ៕
ប្រភព៖ theguardian , sabay