នៅថ្ងៃសុក្រម្សិលមិញ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានដាក់បញ្ជាឲ្យកងទ័ពរុស្ស៊ីតបតយ៉ាងរ៉ឹងប៉ឹង ទៅលើការគំរាមលើកងទ័ព ឬហេដ្ឋារចនាសម្ព័ន្ធជាតិរុស្ស៊ីនៅស៊ីរី។ ក្រោយតួគីបាញ់ទំលាក់យន្តហោះរុស្ស៊ីមក រុស្ស៊ីបានចាត់វិធានការតឹងរ៉ឹងការពារបេសកកម្មខ្លួន ក្នុងការកំចាត់ក្រុមភេរវជននៅស៊ីរី។
"រាល់ផ្ទាំងស៊ីបដែលគំរាមកំហែងកងកម្លាំងរុស្ស៊ី ឬហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីនៅលើដី នឹងត្រូវកំទេចចោលភ្លាមៗតែម្តង!" នេះជាពាក្យពេចន៍ដែល លោកពូទីន បានលើកឡើងម្សិលមិញ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ។ លោកពូទីនប្រហែលចង់គំរាមទៅតួគីដែលបានកំទេចយន្តហោះទំលាក់ គ្រាប់បែករបស់រុស្ស៊ី កាលពី៣សប្តាហ៍មុន ចង់គំរាមថា រុស្ស៊ីនឹងតបតទៅវិញយ៉ាងចាស់ដៃ ករណីមានហេតុការណ៍ដូច្នេះកើតឡើងជាថ្មី។
ក្រោយពេលតួគីបាញ់យន្តហោះរុស្ស៊ីមក រុស្ស៊ីបានប្រើយន្តហោះប្រដេញតាមការពារបេសកកម្មយន្តហោះ ទំលាក់គ្រាប់បែករបស់ខ្លួននៅស៊ីរី។ នៅមូលដ្ឋានយន្តហោះ Hmeimim ភាគពាយព្យស៊ីរី រុស្ស៊ីបានពង្រាយប្រព័ន្ធ DCA S-400 ដើម្បីការពារបេសកកម្មខ្លួនក្នុងដែនអាកាស។
ថ្ងៃសុក្រម្សិលមិញ លោកពូទីន ក៏មិនភ្លេចនឹងបញ្ជាក់បន្ថែមផងដែរ ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការកំចាត់ក្រុមភេរវជន ជាមួយតែរដ្ឋាភិបាលណា ដែលចាប់អារម្មណ៍បេសកម្មកំទេចក្រុមភេរវជនតែប៉ុណ្ណោះ។ លោកពូទីនប្រហែលចង់ចំអកតួគីថា មិនយកចិត្តទុកដាក់លើបេសកកម្មនេះ ព្រោះកន្លងមក រុស្ស៊ីបានចោទប្រធានាធិបតីតួគីនិងក្រុមគ្រួសារថារកស៊ីជួញដូរប្រេង ដែលលួចពីស៊ីរី ជាមួយក្រុមដែស្ហ៕
ប្រភព៖ thmeythmey