តារាបាល់ទាត់ Cristiano Ronaldo ដែលល្បីល្បាញទូទាំងសកលលោក បានសម្រេចចិត្តបោះទុនប្រមាណ ៤០ លានដុល្លារអាមេរិក ទៅក្នុងគម្រោងសាង់សង់សណ្ឋាគារប៉ូទិកចំនួន ៤ ដែលមានយីហោ CR7។ សណ្ឋាគារទាំងបួន ស្ថិតក្នុង ៣ប្រទេសផ្សេងៗគ្នា ដែលពាក់ព័ន្ធនឹងជីវិតរបស់ Ronaldo ផ្ទាល់ គឺនៅ ក្រុង Funchal ជាភូមិកំណើត, ក្រុង Lisbon ជាកន្លែងចាប់ផ្តើមអាជីពបាល់ទាត់, ក្រុង Madrid ជាកន្លែងអាជីពបច្ចុប្បន្ន និងក្រុង New York ជាកន្លែងដែលលោកចង់ទៅលេង Major League Soccer។
សណ្ឋាគារទីមួយរបស់លោក គ្រោងនឹងបើកនៅឆ្នាំ ២០១៦ ក្នុង Madeira ឯទីពីរ គ្រោងនឹងបើកនៅ Lisbon នៅចុងឆ្នាំ ២០១៦ ចំនែកឯទីបី បើកនៅ Madrid ក្នុងឆ្នាំ ២០១៧ និងចុងក្រោយគេ បើកនៅ New York ក្នុងឆ្នាំ ២០១៧ដដែល។
Cristiano Ronaldo បានធ្វើការសម្រេចចិត្តបោះទុននេះ ក៏ដោយសារតែលោករូប មិនអាចធ្វើជាតារាបាល់ទាត់របស់ក្រុម Real Madrid បានរហូតអស់មួយជីវិតនោះទេ ហើយវាជាក្តីសុបិន្តរបស់លោក ដែលតែងតែចង់បានសណ្ឋាគារផ្ទាល់ខ្លួន។ លោកក៏បានលើកឡើងដែរថា “ការងាររបស់ខ្ញុំ គឺលេងបាល់ទាត់ តែជីវិតរបស់ខ្ញុំ គឺមិនមែនដូចនេះរហូតនោះទេ”។
ម្យ៉ាងវិញទៀត លោកក៏បានជួបពិភាក្សាជាមួយ លោក Dionisio Pestana ដែលលោកចាត់ទុកថា ជាដៃគូពាណិជ្ជកម្មដ៏ល្អ ព្រោះ Cristiano Ronaldo និយាយថា លោកពូកែលេខមួយក្នុងវិស័យកីឡាបាល់ទាត់ ឯលោក Dionisio ពូកែលេខមួយខាងសណ្ឋាគារ។
Cristiano Ronaldo ក៏បង្ហាញពីភាពជឿជាក់ថា សណ្ឋាគាររបស់គាត់នឹងទទួលបានជោគជ័យ ព្រោះតែកិត្តិនាមដ៏ល្បីល្បាញ មហិច្ឆតារបស់គាត់ និងមហិច្ឆតារបស់ Dionisio ហើយលោកមានគ្រឿងផ្សំគ្រប់គ្រាន់ហើយដើម្បីធ្វើវា។
យោងតាមប្រភពព័ត៌មានកីឡា Goal បានដាក់ចំណាត់ថ្នាក់ឲ្យ Cristiano Ronaldo ជាប់ជាកីឡាករដែលមានបំផុតប្រចាំឆ្នាំ ២០១៥នេះ ដែលមានទឹកប្រាក់សរុប ២២៣លានដុល្លារអាមេរិក៕
ប្រភព៖ BusinessCambodia