ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានថ្លែងកោតសរសើរបេក្ខជនប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងកម្មវិធីជួបជាមួយអ្នកសារព័ត៌មានប្រចាំឆ្នាំ។ លោកថា ដូណាល់ត្រាំ ជាមនុស្សភ្លឺស្វាង និងមានទេពកោសល្យ ហើយលើសពីនេះលោក ពូទីន ក៏ជឿជាក់ថា ត្រាំ ជា មេដឹកនាំពិតប្រាកដដែលអាចដណ្តើមកៅអីប្រធានាធិបតីអាមេរិកបាន។
អាចថាជារឿងគួរឲ្យអស់សំណើច ដែលបុរសខ្លាំងរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន កោតសរសើរបេក្ខជនប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៧ ធ្នូ ម្សិលមិញក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ។ លោក ពូទីន បានហៅលោក ដូណាល់ ត្រាំ ថាជាអ្នកនយោបាយភ្លឺស្វាង និងមានទេពកោសល្យផងដែរ។ តែមេដឹកនាំរដ្ឋាភិបាលក្រេមឡាំង ក៏ឆ្លៀតបញ្ជាក់ផងដែរថា លោកមិនផ្តោតជ្រៅក្នុងយុទ្ធសាស្ត្រទាញប្រជាប្រិយភាពដែលសេដ្ឋី អចលនទ្រព្យនេះកំពុងប្រើប្រាស់ឡើយ។
ការលើកឡើងបែបនេះ អាចជាសម្តីការពារខ្លួនរបស់បុរសខ្លាំងរុស្ស៊ី ព្រោះការកោតសរសើររបស់លោក អាចនឹងរងការរិះគន់និងថ្កោលទោស ព្រោះគេនឹងគិតថាលោក គាំទ្រនយោបាយរើសអើងពូជសាសន៍ និងសាសនារបស់លោក ដូណាល់ ត្រាំ។
ត្រលប់មកវិញ ប្រមុខរដ្ឋរុស្ស៊ីលោក ពូទីន ក៏ជឿជាក់ថា សេដ្ឋីអចលនទ្រព្យនេះ ជាមេដឹកនាំពិតប្រាកដម្នាក់សម្រាប់ការប្រកួតយកកៅអីប្រធានាធិបតីអាមេរិក។ ក្រៅពីនេះ លោកក៏ប្រកាសស្វាគមន៍បំណងលោក ដូណាល់ ត្រាំ ដែលចង់ទំនាក់ទំនងទ្វេភាគីរវាងមហាអំណាចទាំងពីរឲ្យកាន់តែជិតស្និទ្ធ ផងដែរ។
អ្វីដែលពិសេស នេះជាលើកទីមួយ ដែលគេលឺពាក្យសរសើររបស់ប្រមុខរដ្ឋរុស្ស៊ី ចំពោះអ្នកនយោបាយអាមេរិកខាងលើ។ តែលោក ពូទីន ទំនងជាមានបំណងចង់ឆ្លើយតបទៅនឹងជំហរវិជ្ជមានចង់ស្តារទំនាក់ទំនង ទ្វេភាគីជាមួយរុស្ស៊ីរបស់លោក ដូណាល់ ត្រាំប៉ុណ្ណោះ។
ក្នុងបទសម្ភាសន៍ជាច្រើនកន្លងមក បេក្ខជននាំមុខបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ នេះតែងតែនីយាយពាក្យថា ក្នុងចំណោមអ្នកនយោបាយអាមេរិកមានតែលោកម្នាក់ប៉ុណ្ណោះដែលអាចធ្វើការ ជាមួយលោក វ៉្លាឌីមៀ ពូទីន បានដោយរលូន។ ហើយ លោកក៏ប្រកាសគាំទ្រអន្តរាគមន៍រុស្ស៊ីក្នុងទឹកដីស៊ីរីកន្លងមកដែរ ព្រោះលោកជឿជាក់ថា រុស្ស៊ីមានជំហរពិតប្រាកដក្នុងការកម្ចាត់ក្រុមភេរវជនដែស្ហ។ ថ្មីៗនេះទៀតលោក ដូណាល់ ត្រាំ ស្រាប់តែលើកឡើងពីគោលនយោបាយលើកកម្ពស់ចំណងការទូតអាមេរិក-រុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅ ក្នុងករណីដែលលោកជាប់ឆ្នោត។
ភ្លាមៗក្រោយឮសម្តីកោតសរសើរខ្លួន លោក ដូណាល់ ត្រាំ បានថ្លែងអំណរគុណ និងសរសើរលោក ពូទីន វិញដែរ។ លោកថ្លែងថា វាជាកិត្តិយសដ៏ធំធែង ដែលលោកទទួលបានការកោតសរសើរពីសំណាក់បុរសខ្លាំងដែលមានគេគោរពស្ញប់ស្ញែងច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេស។ លោកថា ៖« ខ្ញុំនៅតែមានអារម្មណ៍ថា រុស្ស៊ី និងអាមេរិកគួរតែធ្វើការជាមួយគ្នាដើម្បីកម្ចាត់ភេរវជន និងស្តារឡើងវិញនូវសន្តិភាពពិភពលោកទាំងមូល៕
ប្រភព៖ thmeythmey