នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy បានស្នើឲ្យមានការសន្ទនាជាមួយគណបក្សដទៃក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយក្រោយការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ ។ បក្សប្រជាជនរបស់លោក Rajoy មិនបានទទួលសំឡេងគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាលតែឯងបានទេ ដូច្នេះមានតែស្វះស្វែងរកការសហការពីបក្សដទៃតែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី Mariano Rajoy នៅថ្ងៃច័ន្ទ ទី២១ បានស្នើឲ្យមានការសន្ទនាគ្នារវាងគណបក្សដែលមានសំឡេងក្នុងសភាដើម្បី ចូលរួមបង្កើតរដ្ឋាភិបាលចម្រុះមួយ ។ លោក Rajoy ថ្លែងដូច្នេះនៅក្នុងសន្និសីទកាសែតជាលើកដំបូង ក្រោយការបោះឆ្នោតដែលបានបង្ហាញពីការធ្លាក់ចុះប្រជាប្រិយភាពរបស់បក្ស កាន់អំណាចក្នុងចំណោមអ្នកបោះឆ្នោតអេស្ប៉ាញ និងងាកមកគាំទ្របក្សប្រឆាំងក៏ដូចជាបក្សដទៃទៀត។
ក្រោយការរាប់សន្លឹកឆ្នោតបានបញ្ចប់ គណបក្សប្រជាជនរបស់លោក Rajoy ទទួលបានកៅអីតែ១២៣ប៉ុណ្ណោះ ពោលគឺមិនគ្រប់ក្នុងការបង្កើតរដ្ឋាភិបាលតែឯងបានទេ ។ នេះមានន័យថា លោក Rajoy ត្រូវស្វែងរកការគាំទ្រពីដៃគូដើម្បីឲ្យបានគ្រប់ចំនួន១៧៥កៅអីដែល វាចាំបាច់សម្រាប់បង្កើតរដ្ឋាភិបាល។
ប៉ុន្តែលោក Rajoy បានដាក់លក្ខខណ្ឌថា លោកព្រមបង្កើតរដ្ឋាភិបាលតែជាមួយបក្សណាដែលការពារឯកភាពជាតិអេ ស្ប៉ាញឬការពារការប្ដេជ្ញាចិត្តចំពោះអឺរ៉ុបតែប៉ុណ្ណោះ ។ លោកបន្ថែមថា៖« អេស្ប៉ាញមិនអាចតស៊ូនឹងរយៈពេលដែលមិនច្បាស់លាស់នោះបានទេ ព្រោះវានឹងប៉ះពាល់ដល់ការរីកចម្រើនរបស់ប្រទេសនេះនាពេលកន្លងមក» ។
យ៉ាងណាមិញ ទោះជាមានការអំពាវនាវពីសំណាក់លោក Rajoy មានគណបក្សចំនួនពីរ បានបដិសេធសហការជាមួយនាយករដ្ឋមន្ត្រីរូបនេះទៅហើយ ។ គណបក្សសង្គមនិយមដែលទទួលបានកៅអីចំនួន៩០នោះមិនគាំទ្រលោក Rajoy ទេព្រោះជាដៃគូប្រជែងនឹងគ្នា។ ចំណែកគណបក្ស Ciudadanos ដែលទទួលបានកៅអីចំនួន៤០ ក៏មិនចូលរួមជាមួយគណបក្សប្រជាជនដែរ ។ ពេលនេះលោកនាយករដ្ឋមន្ត្រីវ័យ៦០ឆ្នាំរូបនេះកំពុងតែឯកោមែនទែនហើយ ព្រោះមិនអាចរកដៃគូបង្កើតរដ្ឋាភិបាលបាន ។
មានការបោះឆ្នោតលើកទី២ ប្រសិនបើរដ្ឋាភិបាលថ្មីមិនកើតឡើងក្នុងរយៈពេល២ខែ។
លទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី២០ ខែធ្នូ បង្ហាញថា សភាអេស្ប៉ាញនឹងមានសមាសភាពមកពីគណបក្សធំៗចំនួន៤ ។ ជាមួយលទ្ធផលនេះ ជម្រើសនៃការបង្កើតរដ្ឋាភិបាលចម្រុះនឹងមានច្រើន តែជម្រើសនីមួយៗត្រូវការការសហការរវាងគណបក្សចាប់ពី៣ឡើងទៅ តែរឿងនេះវាមិនដែលកើតមានក្នុងនយោបាយអេស្ប៉ាញនោះទេ ។
ព្រះមហាក្សត្រ Felipe IV នឹងជ្រើសបេក្ខជននាយករដ្ឋមន្ត្រី ដែលអាចជាលោក Rajoy ក្រោយពេលពិភាក្សាជាមួយមេដឹកនាំបក្សដែលមានកៅអីក្នុងសភាអេស្ប៉ាញ។ បន្ទាប់មក បេក្ខជននោះត្រូវទៅរកការបោះឆ្នោតគាំទ្រពីសភា ។ យ៉ាងណាក៏ដោយ គណបក្ស Ciudadanos បានប្រកាសរួចរាល់ហើយថា ពួកគេនឹងបោះឆ្នោតអនុប្បវាទ តែនេះវាមិនគ្រប់សម្រាប់លោក Rajoy ទេ ។ ឯគណបក្សមួយទៀតគឺ គណបក្ស PSOE នឹងមិនបោះឆ្នោតឲ្យលោក Rajoy ទេ តែនឹងបោះគាំទ្ររដ្ឋាភិបាលដែលគ្មានលោក Rajoy ។
ចុងក្រោយនោះ ប្រសិនបើរដ្ឋាភិបាលថ្មីនៅតែមិនអាចចេញជារូបរាងក្នុងរយៈពេល២ខែទេ ព្រះមហាក្សត្រ Felipe IV នឹងប្រកាសបោះឆ្នោតឡើងវិញ ៕
ប្រភព៖ thmeythmey.com