នៅក្រោយហេតុការណ៍បាញ់ប្រហារទៅលើជនជាតិស្បែកខ្មៅ នៅក្នុងវិហារគ្រិស្តសាសនា នៅ Charleston បញ្ហាដ៏ចម្រូងចម្រាសមួយកំពុងតែផ្ទុះឡើងយ៉ាងខ្លាំង នៅសហរដ្ឋអាមេរិក គឺទាក់ទងនឹងការដោតទង់សម័យសង្គ្រាមស៊ីវិល នៅមុខវិមានសភារដ្ឋ South Carolina។ អ្នកនយោបាយអាមេរិកជាច្រើនបាននាំគ្នាអំពាវនាវឲ្យដកទង់នេះចេញពី ទីសាធារណៈ។ តើហេតុអ្វីបានជាទង់នេះបង្កឲ្យមានបញ្ហាចម្រូងចម្រាសខ្លាំងបែបនេះ?
ទង់ដ៏ចម្រូងចម្រាសនេះ គឺជាទង់តំណាងកងទ័ពនៃរដ្ឋប៉ែកខាងត្បូង នៅក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលអាមេរិក (១៨៦១-១៨៦៥)។
គួររំឭកឡើងវិញថា សង្គ្រាមស៊ីវិលនេះ បានកើតឡើង រវាងរដ្ឋនៅប៉ែកខាងជើង និងរដ្ឋប៉ែកខាងត្បូង។ កាលណោះរដ្ឋប៉ែកខាងត្បូងបានប្រកាសផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេរិក ទៅបង្កើតជារដ្ឋសហព័ន្ធថ្មីមួយ ដាក់ឈ្មោះថា « The Confederate States of America » ហើយ រដ្ឋ South Carolina ក៏ស្ថិតនៅក្នុងចំណោមរដ្ឋប៉ែកខាងត្បូងនេះដែរ។ ជម្លោះរវាងរដ្ឋប៉ែកខាងជើង និងរដ្ឋប៉ែកខាងត្បូងនៅពេលនោះ បង្កឡើងដោយបញ្ហាច្រើន ក៏ប៉ុន្តែ ហេតុផលដែលគេធ្វើការកត់សម្គាល់ និងចងចាំជាងគេ គឺទាក់ទងនឹងទាសភាព។ រដ្ឋប៉ែកខាងជើងទាមទារឲ្យបង្កើតច្បាប់លុបបំបាត់ទាសភាព ចំណែករដ្ឋប៉ែកខាងត្បូងវិញប្រឆាំងនឹងការលុបបំបាត់ទាសភាពនេះ ដោយពួកគេទាមទាររក្សាសិទ្ធិក្នុងការយកជនជាតិស្បែកខ្មៅធ្វើជា ទាសករ។
១៥០ឆ្នាំក្រោយសង្គ្រាមស៊ីវិលនេះត្រូវបញ្ចប់ ទង់តំណាងកងទ័ពនៃរដ្ឋប៉ែកខាងត្បូង នៅតែបន្តត្រូវបានគេយកមកបង្ហូតនៅទីសាធារណៈ នៅតាមបណ្តារដ្ឋមួយចំនួន ដែលជាអតីតសមាជិករដ្ឋសហព័ន្ធខាងត្បូង (The Confederate States of America)។
ក្រុមអ្នកអភិរក្សនិយមនៅរដ្ឋប៉ែកខាងត្បូងយល់ថា ទង់នេះជានិមិត្តរូប ដើម្បីរំឭកអំពីវីរភាពរបស់ដូនតារបស់ពួកគេ ដែលបានពលីជីវិតនៅក្នុងសម័យសង្គ្រាមស៊ីវិល ដើម្បីការពារផលប្រយោជន៍រដ្ឋរបស់ពួកគេ។
ក្រុមអ្នកប្រឆាំងវិញយល់ថា ទង់នេះគឺជានិមិត្តរូបតំណាងឲ្យការរើសអើងប្រកាន់ពូជសាសន៍ ពីព្រោះថា ទង់នេះជាទង់តំណាងឲ្យរដ្ឋដែលធ្វើសង្គ្រាម ដើម្បីការពារសិទ្ធិយកជនស្បែកខ្មៅធ្វើជាទាសករ។ ម្យ៉ាងទៀត គេសង្កេតឃើញថា នៅក្រោយសង្គ្រាមស៊ីវិល ទង់តំណាងកងទ័ពរដ្ឋប៉ែកខាងត្បូងនេះ តែងតែត្រូវបានចលនាស្បែក ស ជ្រុលនិយមអាមេរិកយកមកប្រើ ដែលធ្វើឲ្យទង់នេះ ជាប់ឈ្មោះកាន់តែអាក្រក់ថែមទៀតថាជាទង់តំណាងឲ្យចលនាជ្រុលនិយម ដែលប្រកាន់គំនិតថា ពួកស្បែក ស ជាជាតិសាសន៍ដ៏ខ្ពង់ខ្ពស់លើសគេ ហើយមើលងាយពួកស្បែកខ្មៅថាជាជាតិសាសន៍ថោកទាប។
ហេតុការណ៍បាញ់ប្រហារសម្លាប់ជនជាតិស្បែកខ្មៅ ៩នាក់ នៅក្នុងវិហារគ្រិស្តសាសនា នៅ Charleston បានដុតបញ្ឆេះបញ្ហាចម្រូងចម្រាសជុំវិញទង់សម័យសង្គ្រាមស៊ីវិលនេះឲ្យ ផ្ទុះឡើងកាន់តែខ្លាំង ដោយសារតែគេមើលឃើញថា អំពើបាញ់ប្រហារនេះ គឺជាឧក្រិដ្ឋកម្មដែលមានលក្ខណៈរើសអើងស្អប់ជាតិសាសន៍។ នៅតាមប្រព័ន្ធអ៊ីនធ័រនែត គេបានរកឃើញរូបថតរបស់ខ្មាន់កាំភ្លើង គឺយុវជនស្បែក ស វ័យ ២១ឆ្នាំ ឈ្មោះ Dylann Roof កាន់ទង់តំណាងរដ្ឋប៉ែកខាងត្បូង ព្រមទាំងមានការសរសេរសារជាច្រើនបង្ហាញពីគំនិតជ្រុលនិយម ដែលគេឲ្យឈ្មោះថា “White Supremacy”។
ក្រោយហេតុការណ៍បាញ់ប្រហារនៅ Charleston ដែលស្ថិតនៅក្នុងដែនដីនៃរដ្ឋ South Carolina ទង់ជាតិនៅតាមអគាររដ្ឋ នៅ South Carolina ទាំងទង់ជាតិសហព័ន្ធអាមេរិក និង ទង់ជាតិតំណាងរដ្ឋ South Carolina ត្រូវបានគេបង្ហោះត្រឹមពាក់កណ្តាលដង ជាសញ្ញាកាន់ទុក្ខ។ ផ្ទុយទៅវិញ ទង់តំណាងកងទ័ពរដ្ឋខាងត្បូងសម័យសង្គ្រាមស៊ីវិល នៅតែបន្តបក់រវិចនៅលើកំពូលដងដដែល មិនត្រូវបានគេទម្លាក់មកនៅពាក់កណ្តាលដង ដូចជាទង់ផ្សេងទៀតនោះទេ ដែលជាហេតុនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីគ្រប់ទិសទី។ នៅក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ សំឡេងទាមទារបានកើតមានកាន់តែខ្លាំងឲ្យបញ្ឈប់ការបង្ហូតទង់តំណាង រដ្ឋប៉ែកខាងត្បូងនៅទីសាធារណៈ។ កាលពីថ្ងៃចន្ទ លោកស្រី Hikki Haley ដែលជាអភិបាលរដ្ឋ South Carolina ក៏បានអំពាវនាវឲ្យដកទង់នេះចេញពីមុខវិមានសភារបស់រដ្ឋផងដែរ។
តាមការពិត ក្នុងឋានៈជាអភិបាលរដ្ឋ លោកស្រី Hikki Haley មានសិទ្ធិដកទង់ទាំងអស់ចេញពីអគាររបស់រដ្ឋ ក៏ប៉ុន្តែ ទង់តំណាងកងទ័ពរដ្ឋប៉ែកខាងត្បូងមិនមានអ្នកណាអាចប៉ះពាល់បាននោះទេ ដោយសារតែមានច្បាប់ហាមឃាត់។
គួររំឭកឡើងវិញថា កាលពីមុនឆ្នាំ២០០០ ទង់នេះត្រូវបានគេបង្ហោះនៅពីលើដំបូលវិមានសភារដ្ឋ South Carolina អមជាមួយទង់ជាតិសហរដ្ឋអាមេរិក និងទង់តំណាងរដ្ឋ South Carolina។ ដោយសារតែមានការប្រទាញប្រទង់គ្នាខ្លាំង រវាងអ្នកទាមទារឲ្យដកទង់នេះចេញ និងអ្នកទាមទារឲ្យរក្សាទង់ឲ្យនៅដដែល សភារដ្ឋ South Carolina ក៏បានធ្វើការសម្រុះសម្រួល ដោយអនុម័តច្បាប់មួយឲ្យដកទង់នេះចេញពីកំពូលវិមានសភា យកទៅដោតនៅពីមុខវិមានសភាវិញ ហើយដើម្បីតម្រូវចិត្តក្រុមអ្នកគាំទ្រទង់នេះ ច្បាប់នេះបានកំណត់យ៉ាងច្បាស់ ទំហំទង់ កម្ពស់ដង និងទីតាំងដែលត្រូវដោត ព្រមទាំងបានចែងថា រាល់ការផ្លាស់ប្តូរណាមួយ ទាក់ទងនឹងទីតាំងទង់នេះ ចាំបាច់ត្រូវតែឆ្លងកាត់ការបោះឆ្នោតអនុម័ត ដោយសំឡេង ២ភាគ៣ នៅក្នុងសភាទាំងពីររបស់រដ្ឋ។
ជាទូទៅ គេសង្កេតឃើញថា រឿងដកទង់តំណាងកងទ័ពរដ្ឋប៉ែកខាងត្បូងចេញពីទីសាធារណៈតែងតែជា បញ្ហារសើប សម្រាប់អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ ពីព្រោះថា អ្នកគាំទ្រទង់នេះ ភាគច្រើន គឺជាពួកអភិរក្សនិយម ដែលតែងតែបោះឆ្នោតគាំទ្រគណបក្សសាធារណរដ្ឋ។ ដូច្នេះហើយបានជាអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ ទាំងអ្នកនយោបាយនៅក្នុងរដ្ឋ South Carolina ទាំងអ្នកនយោបាយថ្នាក់ជាតិ មិនចង់ប៉ះពាល់ទង់នេះ ដោយសារតែខ្លាចបាត់សំឡេងឆ្នោត៕
ប្រភព៖ http://km.rfi.fr