កាលពីថ្ងៃពុធ រុស្ស៊ីបានប្រកាសថា បានផ្តោះប្តូរព័ត៌មានជាមួយក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ក្នុងទិសដៅកម្ទេចក្រុមជីហាតរដ្ឋអ៊ីស្លាម ឬក្រុមដែស្ហ (Daesh) ដែលកំពុងពង្រីកឥទ្ធិពលនៅអាស៊ីកណ្តាល។ មន្ត្រីរដ្ឋាភិបាលក្រុងម៉ូស្គូប្រាប់ថា ក្រុមតាលីបង់មានទិសដៅដូចរុស្ស៊ីដែរ គឺពង្រីកយុទ្ធនាការកំចាត់ក្រុមដែស្ហ។
លោក Zamir Kaboulov តំណាងពិសេសទទួលបន្ទុកអាហ្វហ្កានីស្ថាន របស់វិមានក្រេមឡាំង បានគូសបញ្ជាក់ពីមូលហេតុនៃការសហការផ្តោះប្តូរព័ត៌មានរវាងរុស្ស៊ី និងក្រុមតាលីបង់។ ក្រុមតាលីបង់និងក្រុងម៉ូស្គូមានទិសដៅតែមួយដូចគ្នា គឺកំចាត់ក្រុមភេរវជនរដ្ឋអ៊ីស្លាម។ រុស្ស៊ីបញ្ជាក់ទៀតថា ក្រុមតាលីបង់មិនទទួលស្គាល់ ក្រុមភេរវជនដែស្ហ ដែលកំពុងពង្រីកដែនដីនៅស៊ីរី និងអ៊ីរ៉ាក់ទេ។
យុទ្ធសាស្ត្រចាប់ដៃសត្រូវចាស់ កម្ទេចសត្រូវថ្មីនេះ សបញ្ជាក់ច្បាស់ពីភាពឆ្លាតវៃរបស់ក្រុងម៉ូស្គូ។ ប្រឈមនឹងការឡើងឥទ្ធិពលរបស់ក្រុមរដ្ឋអ៊ីស្លាម ដែលបន្តវត្តមានមកដល់អាស៊ីកណ្តាល លោក Zamir Kaboulov ជាតំណាងវិមានក្រេមឡាំង ប្រហែលចង់បញ្ជាក់ប្រាប់សហគមន៍អន្តរជាតិដែរថា បើឱកាសមាននៅក្បែរដៃហើយ គេមិនចាំបាច់ប្រើយុទ្ធសាស្ត្រវែងឆ្ងាយ ដូចពាក្យស្លោកខ្មែរយើងដែលតែងពោលថា អន្ទង់វែង ឆ្នាំងវែង នោះទេ។
គួរបញ្ជាក់ថា ក្រុងម៉ូស្គូនៅមិនសុខស្រួលទេ ពេលឃើញក្រុមភេរវជនរដ្ឋអ៊ីស្លាមពង្រីកឥទ្ធិពលរហូតដល់ទ្វីបអាស៊ី ជាក់ស្តែង គឺនៅអាហ្វហ្កានីស្ថាន បច្ចុប្បន្ននេះតែម្តង។ ក្រុមដែស្ហកំពុងប្រយុទ្ធដណ្តើមទីតាំងផ្សេងៗពីក្រុមតាលីបង់ នៅអាហ្វហ្កនីស្ថាន។ រុស្ស៊ីបារម្ភខ្លាចក្រុមដែស្ហពង្រីកឥទ្ធិពលខ្លាំង នៅតាមអតីតប្រទេសផ្កាយរណបរបស់សហភាពសូវៀត ដូចជាតាត់ជីគីស្ថាន រឺកៀហ្ស៊ីស្ថានជាដើម។ ប៉ូលិសអន្តរជាតិអាំងទែរប៉ូល(Interpol) បានផ្តល់ព័ត៌មានថា ក្រុមភេរវជនដែលជាប់ពាក់ព័ន្ធនឹងក្រុមដែស្ហ កំពុងប្រកាសតាមអ៊ីនធឺណេត ជ្រើសរើសយុវជនក្នុងតំបន់ យកមកធ្វើជាសកម្មជនខ្លួន។ សម្រាប់រុស្ស៊ី នេះជាការគំរាមជាក់លាក់មិនអាចប្រកែកបាន។ ប្រឈមនឹងស្ថានភាពនេះ រុស្ស៊ីបានបំពាក់អាវុធដល់កងទ័ពកៀហ្ស៊ីស៊ីស្ថាន និងពង្រីកវត្តមានខ្លួន នៅតាហ្ស៊ីគីស្ថានផងដែរ។
ស្របពេលនេះដែរ រុស្ស៊ីក៏មើលឃើញដែរថា នៅអាហ្វហ្កានីស្ថាន ក្រុមតាលីបង់កំពុងប្រយុទ្ធស្វិតស្វាញជាមួយក្រុមដែស្ហ។ ក្រុមតាលីបង់មិនទទួលស្គាល់រដ្ឋអ៊ីស្លាម ដែលក្រុមដែស្ហប្រកាសកាលពីពាក់កណ្តាលឆ្នាំ២០១៤ទេ។ ក្រុមតាលីបង់រឹតតែក្តៅក្រហាយនឹងក្រុមដែស្ហដែលហ៊ានចូលមកដណ្តើម ដែនដីខ្លួននៅអាហ្វហ្កានីស្ថានថែមទៀត។
នៅអាហ្វហ្កានីស្ថាន ក្រុមដែស្ហបានប្រើល្បិចខ្ពស់ ដើម្បីបង្កើនកងកម្លាំងប្រយុទ្ធខ្លួន។ ក្រុមនេះថែមទាំងបានដណ្តើមយកសកម្មជនប្រយុទ្ធពីក្រុមតាលីបង់ទៀតផង ។ ក្រុមដែស្ហសុខចិត្តទទួលយកសកម្មជនដែលក្រុមតាលីបង់បណ្តេញចេញពី ក្រុម ឲ្យចូលមកបំរើការក្រុមខ្លួន។ ក្រុមដែស្ហផ្តល់ប្រាក់ខែ៥០០ដុល្លារ មួយខែ ដល់យុវជនអាហ្វហ្កានីស្ថាន ដែលគ្មានការងារធ្វើ។ លើសពីនេះ ក្រុមដែស្ហជាក្រុមភេរវជនទី១ ដែលហ៊ានប្រមាថ មេក្រុមតាលីបង់ ម៉ូហាម៉ាត អូម៉ា។ ទង្វើទាំងអស់នេះជាការចាក់ប្រេងក្នងភ្លើងច្បាស់ណាស់ ដើម្បីបញ្ឆេះកំហឹងក្រុមតាលីបង់។
ថ្មីៗនេះ ក្រុមតាលីបង់បានប្រកាសបង្កើតកងកម្លាំងពីសេស ដើម្បីកំចាត់ក្រុមដែស្ហចេញពីអាហ្វហ្កានីស្ថាន។ ក្រុមតាលីបង់ក៏បានចរចាជាមួយប្រទេសផ្សេងៗក្នុងតំបន់រួចមកហើយដែរ ដើម្បីបញ្ជាក់ពីបំណងកម្ទេចក្រុមដែស្ហ មិនឲ្យក្រុមដែស្ហបោះទីតាំងនៅអាហ្វហ្កានីស្ថាន។ ដូច្នេះ វាជាឱកាសដែលរុស្ស៊ីអាចសហការជាមួយក្រុមតាលីបង់ បានយ៉ាងមានប្រសិទ្ធភាព។ ទោះយ៉ាងនេះក្តី រុស្ស៊ីនៅតែចាត់ទុកក្រុមតាលីបង់ ថាជាក្រុមភេរវជនគ្រោះថ្នាក់ ហើយនៅតែហាមឃាត់មិនឲ្យសកម្មជនក្រុមនេះចូលទឹកដីរុស្ស៊ី។
ដោយឡែក ការកំចាត់ក្រុមដែស្ហនៅអាហ្វហ្កានីស្ថាន គឺជាចលករចូលរួមធានាស្ថិរភាពសន្តិសុខអាហ្វហ្កានីស្ថាន សម្រាប់ពេលអនាគត ព្រោះថា ដរាបណាក្រុមជីហាតរដ្ឋអ៊ីស្លាមនៅតែមានវត្តមាននៅអាហ្វហ្កានី ស្ថាន ការចរចាសន្តិភាពរវាងក្រុមតាលីបង់ និងរដ្ឋាភិបាលក្រុងកាប៊ូល មិនអាចសម្រេចជោគជ័យទេ។ ចង់មិនចង់ សហគមន៍អន្តរជាតិប្រហែលមិនសូវហ៊ានបន្ទោសរុស្ស៊ី ពីកិច្ចសហការផ្តោះប្តូរព័ត៌មានជាមួយក្រុមតាលីបង់ឡើយ៕
ប្រភព៖ thmeythmey.com