កាលពីថ្ងៃចន្ទ ជប៉ុន និងកូរ៉េខាងត្បូងសម្រេចបានកិច្ចព្រមព្រៀងជាផ្លូវការ និងជាប្រវត្តិសាស្ត្រដើម្បីដោះស្រាយបញ្ហាស្ត្រីទាករកូរ៉េខាងត្បូង ដែលត្រូវទាហានជប៉ុនធ្វើបាបសម័យសង្គ្រាមលោកលើកទី២ ។ ជប៉ុនព្រមបង់សំណងជំងឺចិត្ត ៨.៧លានដុល្លារអាមេរិក ដល់ជនរងគ្រោះនិងទទួលស្គាល់ថាវាជាការទទួលខុសត្រូវរបស់ខ្លួន។
ទីបំផុតប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានឈានដល់ការឯកភាពគ្នាដោះស្រាយបញ្ហាស្ត្រីទាសករ ផ្លូវភេទកូរ៉េខាងត្បូងដែលរងគ្រោះដោយសារទាហានហ្វាស៊ីសជប៉ុន អំឡុងសង្គ្រាមលោកទី២រួចហើយនៅថ្ងៃចន្ទម្សិលមិញ។ ការសម្រេចបានកិច្ចព្រមព្រៀងរួមគ្នាមួយនេះ កើតមានឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ដែលជំនួបនេះត្រូវបានរៀបចំឡើងនៅទីក្រុងសេអ៊ូល។
ក្រោយការសម្រេចបានកិច្ចព្រមព្រៀងភ្លាម នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ បានទូរស័ព្ទទៅកាន់លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ (Park Guen Hye) ដើម្បីសាទរជោគជ័យនេះ ហើយលោកបានថ្លែងថា វាជាសករាជថ្មីនៃទំនាក់ទំនងជប៉ុននិងកូរ៉េខាងត្បូងហើយ។ លោកក៏បានអះអាងថា រដ្ឋាភិបាលជប៉ុននិងកូរ៉េនឹងប្តេជ្ញាចិត្តសហការគ្នាដើម្បីអនុវត្ត កិច្ចព្រមព្រៀងនេះឲ្យបានជោគជ័យថែមទៀត។
ក្រោមកិច្ចព្រមព្រៀងថ្ងៃចន្ទ ជប៉ុននឹងផ្តល់សំណងជាទឹកប្រាក់ ១ពាន់លានយ៉េន ដែលស្មើ ៨.៧ លានដុល្លារសម្រាប់ស្រី្តកូរ៉េខាងត្បូងដែលត្រូវទាហានជប៉ុនធ្វើទុក បុកម្នេញបង្ខំឲ្យធ្វើជាទាសករផ្លូវភេទសម័យសង្គ្រាមលោកលើកទី២នោះ។ តាមពិតទៅស្ត្រីដែលត្រូវទាហានជប៉ុនបង្ខំឲ្យបម្រើជាទាសករផ្លូវភេទ មកដល់ពេលបច្ចុប្បន្ននេះចាស់ៗណាស់ទៅហើយ ហើយមានអ្នកស្លាប់បាត់បង់ជីវិតច្រើនដែរ។ ដូច្នេះហើយទើបបានជារដ្ឋាភិបាលកូរ៉េខាងត្បូងប្រឹងប្រែងដើម្បីឲ្យ ការសម្រេចសងសំណងជំងឺចិត្តនេះឆាប់កើតឡើង។
រដ្ឋមន្ត្រីការបរទេសជប៉ុនដែលជាអ្នកចរចាបង្កើតកិច្ចព្រមព្រៀងលោក Fumio Kishida បានអះអាងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yun Byung-Se.ថា បញ្ហាស្ត្រីបម្រើទាសករផ្លូវភេទ កើតមានឡើងដោយមានជាប់ពាក់ព័ន្ធទាហានរបស់ជប៉ុន ហើយរដ្ឋាភិបាលជប៉ុនឃើញថាជាការទទួលខុសត្រូវ រឿងមិនអាចចៀសផុត។ លោកបន្តទៀតថា នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ក៏បានបង្ហាញអារម្មណ៍សោកស្តាយ និងសុំអភ័យទោសចំពោះបណ្តាជនរងគ្រោះដែលត្រូវទាហានជប៉ុនធ្វើបាប។
គេរំពឹងថា កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនិងសកម្មភាពទន់ភ្លន់របស់ភាគីជប៉ុន ប្រហែលជានឹងជួយដល់ការស្តារឡើងវិញនូវចំណងការទូតរវាងជប៉ុនជាមួយ កូរ៉េខាងត្បូងផងដែរ។ កន្លងមកបញ្ហាប្រវត្តិសាស្ត្រនេះក្លាយជាបញ្ហាចម្រូងចម្រាសនិងក្តៅ បំផុតសម្រាប់មិត្តជិតខាងទាំងពីរនេះ។ ជប៉ុនមិនដែរព្រមបន្ទន់ជំហរដោយព្រមទទួលស្គាល់កំហុសឆ្គងខ្លួនសម័យ សង្គ្រាមលោកលើកទី២ ហើយនាយរដ្ឋមន្ត្រីអាបេ ក៏ឆ្លៀតបង្ករឿងក្តៅក្រហាយដល់ចិន និងកូរ៉េខាងត្បូងដោយទៅទស្សនកិច្ចនៅទីសក្ការៈ Yasukuni កាលពីឆ្នាំ២០១៣ ៕
ប្រភព៖ thmeythmey