នៅក្នុងទីក្រុង Tel-Aviv ទឹកដីអ៊ីស្រាអែល ជនមា្នក់បានបើកការបាញ់រះទៅលើហ្វូងមនុស្សនៅក្នុងហាងកាហ្វេមួយ នារសៀលថ្ងៃទី១ មករា ឆ្នាំថ្មី ២០១៦។ តុល្យការបណ្តោះអាសន្នឲ្យដឹងថា មានស្លាប់យ៉ាងតិច ២នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ គេនៅមិនទាន់ដឹងពីមូលហេតុរបស់ជនខ្មាន់កាំភ្លើងនៅឡើយទេ ហើយប៉ូលិសបានបើកប្រតិបត្តិការតាមរករូបជនខ្មាន់កាំភ្លើងដែលកំពុងគេចខ្លួន។
ព្រឹត្តិការណ៍បង្ហូរឈាមក្នុងថ្ងៃទី១ ដើមឆ្នាំថ្មី ២០១៦ នៅក្នុងប្រទេសអ៊ីស្រាអែលដោយជនប្រដាប់អាវុធមិនស្គាល់មុខម្នាក់បាន ធ្វើការបាញ់រះទៅលើហាងលក់កាហ្វេមួយក្នុងទីក្រុង Tel-Aviv។ ម្ចាស់ហាងកាហ្វេបានប្រាប់ឲ្យដឹងថា ជនខ្មាន់កាំភ្លើងបានអង្គុយផឹកកាហ្វេដូចគេឯងមួយសន្ទុះធំ មុននឹងក្រោកឈរឡើង រួចដកអាវុធបាញ់រះគ្មានកំណត់ទិសដៅទៅលើភ្លៀវជាច្រើននាក់។ អ្នកនាំពាក្យរបស់ប៉ូលិសលោក Micky Rosenfeld បានបញ្ជាក់ថា មានមនុស្សស្លាប់ពីរនាក់បន្ទាប់ពីរងរបួសធ្ងន់ ហើយក្រុមអ្នកជួយសង្រ្គោះបានប្រាប់ឲ្យដឹងនូវតួលេខនៃចំនួនអ្នក រងរបួសដែលមាន ៧នាក់។
គេនៅមិនទាន់ដឹងពីមូលហេតុនៃការបាញ់ ប្រហារនោះនៅឡើយទេ ហើយជនខ្មាន់កាំភ្លើងក៏បានរត់គេចខ្លួនបាត់។ យោងតាមលោក Micky Rosenfeld កម្លាំងប៉ូលិសបានផ្តើមប្រតិបត្តិការតាមរកជនដៃដល់នៅគ្រប់ទីកន្លែង ពិសេសនៅក្នុងទីក្រុង Tel-Aviv។ ទន្ទឹមគ្នានេះ លោក Micky Rosenfeld ក៏បានប្រកាសឲ្យដឹងពីការបើកការស៊ើបអង្កេតដើម្បីចង់ដឹងថា តើការបាញ់ប្រហារនោះជាទង្វើឧក្រិដ្ឋកម្ម ឬជាទង្វើភេរវកម្ម។
នៅកន្លែងកើតហេតុ មានសាក្សីជាច្រើននាក់បានឃើញព្រឹត្តិការណ៍បាញ់ប្រហារផ្ទាល់ភ្នែក ឬមួយក៏បានឮសូរ។ ជាក់ស្តែង លោកស្រីអូស្នា ដាវីដ ម្ចាស់ហាងកាត់សក់ដែលមានទីតាំងស្ថិតនៅមិនឆ្ងាយពីហាងលក់កាហ្វេកើតហេតុបានរៀបរាប់ឲ្យដឹងថា លោកស្រីមានបានឮស្នូរកាំភ្លើង សម្រែករបស់មនុស្ស និងសម្រែងទ្រហោយំ។ ភ្លាមៗនោះ លោកស្រី និងភ្ញៀវក្នុងហាងលោកស្រីក៏បាននាំគ្នាចូលទៅពួននៅក្នុងបន្ទប់ មួយដោយក្រាបផ្ទាល់នឹងដីទាំងអស់គ្នា ដោយគ្មានពេលនឹងបិទទ្វារហាងផង៕
ប្រភព៖ http://km.rfi.fr