ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក៖
វាជារឿងនយោបាយរបស់អាមេរិក ប៉ុន្តែពិភពលោកមានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ បើទោះបីជាការឃោសនាកំពុងដំណើរការក៏ដោយ ប៉ុន្តែគេជឿថា លោក Hillary Clinton នៃគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump នៃគណបក្សសាធារណរដ្ឋ នឹងក្លាយជាគូប្រជែងចុងក្រោយដើម្បីឈានឆ្ពោះទៅដឹកនាំប្រទេសមហាអំណាច សហរដ្ឋអាមេរិក។
ឆ្នាំចុងក្រោយរបស់លោក បារ៉ាក់ អូបាម៉ា៖
លោក បារ៉ាក់ អូបាម៉ា ដែលជាប្រធានាធិបតីស្បែកខ្មៅទីមួយរបស់សហរដ្ឋអាមេរិក នឹងខិតខំប្រឹងប្រែងសាងកេរ្តិ៍ឈ្មោះនាឆ្នាំចុងក្រោយរបស់ខ្លួននៅសេត វិមាន។ ការភ្ជាប់ចំណងការទូតជាមួយគុយបា ជាចំណុចវិជ្ជមានមួយ ហើយលោកបន្តបង្ហាញភាពជោគជ័យក្នុងប្រតិបត្តិការនៅមជ្ឈឹមបូព៌ា ជាពិសេសនៅស៊ីរី និងអាហ្វហ្គានីស្ថាន។
សង្គ្រាមប្រឆាំងក្រុមភេរវជន ISIS ៖
ក្រុមភេរវជនរដ្ឋឥស្លាម ISIS នៅតែបន្តពង្រីកឥទ្ធិពលខ្លួនដើម្បីប្រឆាំងពិភពលោក។ ជាមួយគ្នានេះ ប្រតិបត្តិការបង្ក្រាបក៏កាន់តែកើតឡើងជាទ្រង់ទ្រាយធំផងដែរនៅប្រទេស អ៊ីរ៉ាក់ និងស៊ីរី ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ចលនានេះ នាំឲ្យមានការភ័យខ្លាចថា ជាសង្គ្រាមដ៏ធំមួយក្នុងសតវត្សរ៍ថ្មី។
មហិច្ឆតាកាន់តែខ្ពស់របស់លោក វ្លាឌីមៀ ពូទីន៖
លោក ពូទីន នៅតែជាបុរសខ្លាំងក្នុងពិភពលោក ស្របពេលដែលលោក អូបាម៉ា ស្ថិតក្នុងឆ្នាំចុងក្រោយនៃការកាន់អំណាច។ មេដឹកនាំរុស្ស៊ីរូបនេះ នឹងបន្តពង្រីកទំនាក់ទំនង ជាមួយប្រទេសដែលមិនសូវស៊ីគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងនោះមានដូចជា អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប លីបង់ រួមទាំងតួកគី ជាដើម។
អឺរ៉ុបកាន់តែមានតួនាទីធំ៖
ការរួមគ្នាប្រឆាំងអំពើភេរវកម្ម និងចលនាជនភៀសខ្លួន បានធ្វើឲ្យអឺរ៉ុបមានតួនាទីកាន់ខ្ពស់ ជាពិសេសការពង្រឹងសិទ្ធិអំណាចនៅលើពិភពលោក។
អាមេរិកឡាទីន និងការបញ្ចប់ភាពជាមេដឹកនាំមួយជីវិត៖
ខណៈដែលអឺរ៉ុប មានបក្សឆ្វេងនិយម និងស្តាំនិយម ភាពជាមេដឹកនាំមួយជីវិតនៅតំបន់អាមេរិកឡាទីន ក៏នឹងឈានដល់ទីបញ្ចប់ផងដែរ ដោយការបោះឆ្នោតបែបប្រជាធិបតេយ្យកំពុងក្លាយជាចលនាមួយដ៏រឹងមាំ ជាពិសេសនៅវេណេហ្ស៊ុយអេឡា និងប្រេស៊ីល ជាដើម។ ពលរដ្ឋនឹងស្វែងខ្ពស់ចំពោះមេដឹកនាំដែលគិតពីប្រយោជន៍ជាតិ ធនធានធម្មជាតិ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ចិន និងឥណ្ឌា ស្ថិតក្នុងក្រសែភ្នែកអន្តរជាតិ៖
ចិនកំពុងប្រឈមជាមួយប្រទេសជិតខាងលើអធិបតេយ្យភាពសមុទ្រចិនខាងត្បូង ហើយជាមួយគ្នានេះ លោកខាងលិចកំពុងផ្តោតអារម្មណ៍ទៅលើច្បាប់ប្រឆាំងភេរវកម្មថ្មីរបស់ចិន ផងដែរ។ ដោយឥណ្ឌា ក្រៅពីសេដ្ឋកិច្ចប្រដេញគ្នាជាមួយចិន លោកនាយករដ្ឋមន្ត្រី Narendra Modi នឹងបន្តពង្រីកទំនាក់ទំនងជាមួយប្រទេសជិតខាង ជាពិសេសក្រោយទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់លោកនៅប៉ាគីស្ថាន៕
ប្រភព៖ thmeythmey