លោកស្រី អ៊ុងសាន ស៊ូជី បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ការនាំមកនូវសន្តិភាពដល់បណ្តាតំបន់ជនជាតិភាគតិចដែលញាំញីដោយជម្លោះ នឹងក្លាយជារឿងអាទិភាពមួយសម្រាប់រដ្ឋាភិបាលរបស់លោកស្រីនៅពេលខ្លួនឡើងកាន់អំណាច។
គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់និមិត្តរូបប្រជាធិបតេយ្យជើងចាស់រូបនេះបានឈ្នះការបោះឆ្នោត ភ្លូកទឹកភ្លូកដីកាលពីខែវិច្ឆិកាដែលមើលទៅអាចកាត់បន្ថយបាននូវ ការគ្រប់គ្រងតឹងរ៉ឹងរាប់ទសវត្សរ៍របស់យោធាមកលើប្រទេសមួយនេះ។
ប៉ុន្តែក្រោមច្បាប់រដ្ឋធម្មនុញ្ញផ្នែកនយោបាយដ៏ស្មុគ្រស្មាញនាសម័យយោធាគ្រប់គ្រងមីយ៉ាម៉ា គណបក្សលោកស្រីមិនរំពឹងមកកាន់អំណាចឥឡូវទេរហូតខែកុម្ភៈ ហើយលោកស្រីស៊ូជីខ្លួនឯងទៀតសោតក៏ត្រូវបានហាមឃាត់មិនឱ្យក្លាយជា ប្រធានាធិបតីថែមទៀត។
អំឡុងសុន្ទរកថាដើម្បីប្រារព្ធថ្ងៃឯករាជ្យប្រទេស លោកស្រីបានប្រាប់ទៅកាន់អ្នកគាំទ្រនៅស្នាក់ការបក្សនៅទីក្រុង រ៉ង់ហ្គូន ថា "យើងត្រូវតែកសាងសន្តិភាព។ ការកសាងសន្តិភាពគឺជាកាតព្វកិច្ចដំបូងមិនធ្លាប់មានរបស់រដ្ឋាភិបាលថ្មី។ យើងត្រូវតែប្រឹងប្រែងដើម្បីបញ្ចូលគ្រប់គ្នានៅក្នុងកិច្ចព្រមព្រៀង ឈប់បាញ់ដែលបានចុះហត្ថលេខាតាមរយៈការរៀបចំសន្និសីទសន្តិភាពដ៏មាន ប្រសិទ្ធភាពពិតប្រាដកមួយ"។
តែទោះយ៉ាងណា មេដឹកនាំបក្សប្រឆាំងវ័យ ៧០ ឆ្នាំរូបនេះនៅតែបន្តបិទមាត់ជិតមិននិយាយអំពីគោលបំណងសំខាន់របស់ រដ្ឋាភិបាលលោកស្រី និងមិននិយាយអំពីនរណានឹងក្លាយជាអ្នកដើរតួសំខាន់របស់លោកស្រីនោះទេ ខណៈដែលការចរចាផ្លាស់ប្តូរដ៏ផុយស្រួយបានកំពុងបន្តធ្វើឡើងរវាង រដ្ឋាភិបាលគាំទ្រដោយយោធាដែលកំពុងស្ថិតក្នុងអំណាច និងបក្សដែលទទួលជ័យជម្នះរបស់លោកស្រី៕
ប្រភព៖ rasmeinews