បុរសជនជាតិបារាំង លោក Roland Noiseau ក្លាយជាមនុស្សម្នាក់ដែលខុសប្លែកពីគេ ដោយលោកបានប្រើពេលវេលារហូតដល់ទៅ៤០ឆ្នាំដើម្បីសន្សំកែវស្រាជាង ៤០០០កែវនៅក្នុងផ្ទះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាននានានៅក្នុងប្រទេសបារាំង។
មុនពេលបើកទ្វារគេហដ្ឋាន លោក Roland Noiseau បានស្រែកថា៖ «សូមស្វាគមន៍ចំពោះការមកដល់សារមន្ទីរឯកជនដ៏តូចមួយរបស់ខ្ញុំ»។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ សារមន្ទីររបស់លោក Noiseau គឺកែវសុរាដ៏សំបូរបែបពាសពេញផ្ទះដែលមានរហូតដល់ទៅជាង៤០០០កែវ។
បុរសដែលឈានចូលដល់វ័យ៨០ឆ្នាំរូបនេះ បានអះអាងថា លោកបានសន្សំ និងប្រមូលកែវសុរាទាំងនោះអស់រយៈពេល៤០ឆ្នាំមកហើយ ដើម្បីដាក់ក្នុងផ្ទះដែលស្ថិតនៅតំបន់ Chateau-Gontier ប្រទេសបារាំង។
គ្រប់ទីកន្លែងក្នុងផ្ទះ ពោរពេញទៅដោយកែវសុរា ដែលមានប្រភេទដូចគ្នា ប្រហាក់ប្រហែលគ្នា និងខុសប្លែកពីគ្នា ទៅតាមក្រុមហ៊ុនដែលបានផលិត។ លោក Noiseau បានអះអាងថា លោកបានចាប់ផ្តើមមានគំនិតប្រមូល និងទិញកែវទាំងនោះ ខណៈដែលលោករស់នៅតំបន់ក្បែរព្រំដែនអាល្លឺម៉ង់។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានអះអាងថា លោកគ្រាន់តែដើរប្រមូល និងទិញកែវទាំងនោះ ប៉ុណ្ណោះ ដោយលោកមិនមែនជាមនុស្សប្រមឹកនោះឡើយ៕
ប្រភព៖ thmeythmey