បើទោះបីជាប្រធានបទសមុទ្រចិន ខាងត្បូង តែងតែត្រូវបានលើកជារបៀបវារៈរៀងរាល់កិច្ចប្រជុំកំពូលរវាង អាស៊ាន និងចិនក៏ដោយ ដំណោះស្រាយផ្លែផ្កា នៅមិនទាន់ត្រូវបានសម្រេចនៅឡើយនោះទេ។ អវត្តមាននៃដំណោះស្រាយនេះ គឺជាឱកាសមួយសម្រាប់ចិន ក្នុងការបន្តអនុវត្តគោលនយោបាយវាតទីនិយម។ ចុងក្រោយ ទាំងរដ្ឋាភិបាល ក្រុងហាណូយ ក្រុងម៉ានីល និងក្រុងវ៉ាស៊ិនតោន បានចេញមុខ ប្រតិកម្មខ្លាំងទៅនឹងសកម្មភាពរបស់ក្រុងប៉េកាំងក្នុងការចូលទៅតំបន់ ថ្មប៉ប្រះទឹកនៃតំបន់ជម្លោះ។
កាលពីថ្ងៃទី២ មករាកន្លងទៅ យន្តហោះល្បាតរបស់ចិន បានចូលចុះចតនៅក្នុងតំបន់ថ្មប៉ប្រះទឹក Fiery ដែលជាផ្នែកមួយនៃបណ្តុំកោះស្ព្រាតលី និងជាតំបន់ដែលចិន ហ្វីលីពីន និង វៀតណាមកំពុងតែប្រទាញប្រទង់គ្នាក្នុងការដាក់ជាកម្មសិទ្ធិរៀងៗខ្លួន ។ ចិន បានអះអាងថា យន្តហោះនោះ គឺគ្រាន់តែជាការហោះហើរស៊ីវិលនៅក្នុងអធិបតេយ្យរបស់ចិនតែប៉ុណ្ណោះ។
សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះនេះ បានធ្វើរដ្ឋពាក់ព័ន្ធ និងរដ្ឋមិនពាក់ព័ន្ធមួយចំនួន ប្រតិកម្មខ្លាំង ដោយចាត់ទុកសកម្មភាពរបស់ចិនថាជាការគំរាមកំហែង និងបំពានលើអធិបតេយ្យ។ ក្នុងនោះ រដ្ឋាភិបាលក្រុងហាណូយ បានចេញសេចក្តីថ្លែងការណ៍ការទូតជាផ្លូវការមួយដោយចោទសកម្មភាពនោះថា ជាសកម្មភាពខុសច្បាប់ និងបំពានដែនអធិបតេយ្យទាំងស្រុង។ ហើយ ក្រុង ហាណូយ ក៏ថែមទាំងបានឲ្យក្រុងប៉េកាំងបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ទៀតផង។
ជាមួយនឹងប្រតិកម្មនេះ ហ្វីលីពីន ជារដ្ឋពាក់ព័ន្ធនៃជម្លោះ និងក៏ជាដៃគូដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការប្រឆាំងជាមួយចិន ក៏បានចេញមុខប្រតិកម្មផងដែរ។ លោក Charles Jose អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន បានអះអាងថា ហ្វីលីពីន ក៏គ្រោងនឹងចេញសេចក្តីថ្លែងការណ៍ការទូតមួយជាផ្លូវការ ដូចវៀតណាម ដើម្បីថ្កោលទោសសកម្មភាពចិនផងដែរ។
លោក Charles Jose បានបន្ថែមទៀតថា វាគឺជារឿងដ៏គួរឲ្យខ្លាច ដែលចិន នឹងអាចគ្រប់គ្រងសមុទ្រ ចិនខាងត្បូង ហើយវានឹងប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរទៀតផង។
មិនខុសពីរដ្ឋពាក់ព័ន្ធនៃជម្លោះទាំងពីរ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ដែលជារដ្ឋខាងក្រៅ តែជាអ្នកដែល តែងតែជួយជ្រោមជ្រែងវៀតណាម និងហ្វីលីពីន ក៏មិនបាននៅស្ងៀមផងដែរ។ អ្នកនាំពាក្យក្រសួងការ បរទេសអាមេរិក John Kirby ចាត់ទុកសកម្មភាពចិន ថាជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់។ ក្នុងនោះផងដែរ សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain ក៏បានបន្ទោសរដ្ឋបាលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលបានពន្យារពេលក្នុងការបញ្ជូននាវាល្បាតទៅកាន់តំបន់សមុទ្រចិន ខាងត្បូងដើម្បីអនុវត្តសិទ្ធិសេរីភាពនៅតាមដែនសមុទ្រ។
សូមបញ្ជាក់ផងដែរថា ជម្លោះសមុទ្រចិនខាងត្បូង គឺជាជម្លោះអធិបតេយ្យរវាងរដ្ឋអាស៊ានបួនរួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ មកទល់ពេលនេះ មិនទាន់មានដំណោះ ស្រាយណាមួយត្រូវបានធ្វើឡើងនោះទេ។
កាលពីចុងឆ្នាំ២០១៥កន្លងទៅ អាមេរិក រួមជាមួយនឹងអូស្ត្រាលី បានបញ្ជូននាវាល្បាត យន្តហោះស៊ើបការណ៍ និងយន្តហោះទម្លាក់គ្រាប់ទៅកាន់តំបន់ជម្លោះសមុទ្រចិនខាងត្បូង។ ប្រតិបត្តិការទាំងនេះ ធ្វើឡើងក្រោមហេតុផលនៃការអនុវត្តសិទ្ធិសេរីភាពដែនទឹក និងដែនអាកាស៕
ប្រភព៖ thmeythmey