ប៉ារីស៖ ប្រឡាយទឹកល្បីមួយរបស់ក្រុងប៉ារីសត្រូវបានស្តារចេញជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ ហើយរបស់ចម្លែកៗមិនរំពឹងទុកជាច្រើនក៏លេចរូបរាងចេញមក។
ប្រឡាយទឹកឈ្មោះថា Canal Saint-Martin មានទីតាំងស្ថិតនៅចំកណ្តាលសង្កាត់ទី ១០ របស់ក្រុងប៉ារីស ជាសង្កាត់លេងម៉ូដល្អឆើតមានលក្ខណៈផ្តាច់មុខជាងគេមួយនៅរដ្ឋធានី របស់បារាំង។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នេះបានអភិវឌ្ឍន៍កិត្តិនាមជាតំបន់ជីវិតរាត្រីដ៏រស់រវើក និងជាកន្លែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាអ្នកក្រុងប៉ារីសផ្ទាល់ផងដែរ។
អ្នកស្រុកតំបន់នេះបន្ទោសទៅលើប្រជាប្រិយភាពថាជាមូលហេតុនាំឱ្យលេចឡើងនូវរបស់ប្លែកៗនៅបាតប្រឡាយទឹក។
លើកចុងក្រោយបង្អស់ ដែលប្រឡាយទឹកប្រវែងជិត ៥ គីឡូម៉ែត្រនេះបានរីងស្ងួតគឺក្នុងឆ្នាំ ២០០១ ប៉ុន្តែគេឃើញកាកសំណល់នៅបាតប្រឡាយទម្ងន់ប្រហែល ៤០ តោនមានដូចជាវិទ្យុ កង់ ម៉ូតូ កាក់មាស កៅអីរុញ ចានបង្គន់ គ្រាប់សម័យសង្គ្រាមលោកលើកទី១ ចំនួន២គ្រាប់ និងរថយន្តមួយគ្រឿង។
លើកនេះវិញ ក្រៅពីរកឃើញវិទ្យុចាស់ៗ ម៉ូតូ និងកង់ ក្រុមសម្អាតថែមទាំងបានរកឃើញកាំភ្លើងពីស្តូលទៀតផង ដែលឥឡូវបានប្រគល់ឱ្យប៉ូលិសហើយ។ ក្រៅពីវត្ថុសំណល់ គេនៅរកឃើញត្រីធំៗជាច្រើនផងដែរ។
ការស្តារប្រឡាយទឹកទំហំ ៩០.០០០ ម៉ែត្រគូប និង ការជួសជុលផ្លូវទឹកភ្លោះបួនកន្លែងឡើងវិញនឹងត្រូវចំណាយអស់ទឹកប្រាក់ ចំនួន ១០,២១ លានដុល្លារ ហើយចំណាយពេលស្តាររយៈពេលប្រហែល ៣ ខែ៕
ប្រភព៖ rasmeinews