អង់គ្លេស៖ បង្គន់មួយដែលមិនត្រូវការទឹកមួយដំណក់ ប្រព័ន្ធលូ ឬថាមពលខាងក្រៅ ប៉ុន្តែប្រើបច្ចេកវិជ្ជាណាណូមកសម្អាតកាកសំណល់ មនុស្សជំនួសហើយនៅអាចផលិតទឹកស្អាតដោយខ្លួនឯង និងរក្សាមិនឱ្យធុំក្លិនស្អុយថែមទៀតនោះ បានកំពុងត្រូវបានអភិវឌ្ឍន៍ឡើងហើយដោយសាកលវិទ្យាល័យមួយរបស់អង់គ្លេស។
បង្គន់ច្នៃប្រឌិតថ្មីនេះប្រើប្រាស់យន្តការបង្វិលដើម្បីរុញ កាកសំណល់ទៅប្រអប់រក្សាទុកមួយ ដែលផ្ទុកទៅដោយសមាសធាតុណាណូ។ យន្តការនេះក៏អាចទប់ក្លិនមិនឱ្យចេញមកក្រៅ និងរក្សាកាកសំណល់របស់មនុស្សមិនឱ្យមើលឃើញផងដែរ។
លោក អាលីសុន ផាកឃឺ (Alison Parker) អ្នកដឹកនាំស្រាវជ្រាវលើគម្រោងនេះបានប្រាប់ Thomson Reuters Foundation ថា "នៅពេលណាដែលកាកសំណល់បានស្ថិតនៅក្នុងប្រអប់រក្សាទុកហើយនោះ យើងប្រើភ្នាសណាណូ ដែលទាញចេញជាចំហាយទឹក ហើយបន្ទាប់មកធ្វើឱ្យចំហាយទឹកក្លាយទៅជាទឹក និងអាចរកប្រើប្រាស់បាននៅតាមគ្រប់ផ្ទះទាំងអស់។ មេរោគបង្កជាជំងឺក្នុងលាមកបានរក្សានៅបានប្រអប់ទុកកាកសំណល់ ដូច្នេះទឹកបង្កើតចេញមកគឺមានលក្ខណៈបរិសុទ្ធ និងអនាម័យបំផុត"។
សាកលវិទ្យាល័យ Cranfield University បានកំពុងអភិវឌ្ឍបង្គន់នេះឡើងជាផ្នែកមួយនៃ "ការប្រកួតប្រជែងកែច្នៃបង្គន់ឡើងវិញ" របស់សកលលោក ដែលចាប់ផ្តើមធ្វើឡើងដោយអង្គការមូលនិធិ Bill and Melinda Gates Foundation៕
ប្រភព៖ rasmeinews