សិង្ហបុរី៖ តម្លៃប្រេងបានធ្លាក់ចុះជិតដល់ ៣៣ដុល្លារក្នុងមួយធុងកាលពីថ្ងៃព្រហស្បតិ៍ ដោយសារកំណើនស្តុកប្រេងនៅអាមេរិក និងការទម្លាក់ថ្លៃរូបិយប័ណ្ណរបស់ប្រទេសចិន។
នៅម៉ោង ២ និង៣០នាទី ម៉ោងសកល ប្រេងប្រភេទ West Texas Intermediate (WTI) ដែលជាតម្លៃប្រេងគោលរបស់អាមេរិកសម្រាប់ចែកចាយនៅខែកុម្ភៈ បានធ្លាក់ថ្លៃ៦០សេននៅតម្លៃ ៣៣,៣៧ ដុល្លារ។
តម្លៃរបស់ប្រេងនេះមានកម្រិតប្រហាក់ប្រហែលនឹងតម្លៃ ៣៣,៩៧ ដុល្លារ ក្នុងមួយធុងនៅម៉ោងបិទផ្សារជួញដូរទំនិញក្រុងញូវយ៉ក កាលពីថ្ងៃពុធ ដែលបានបង្ហាញពីតម្លៃជួញដូរទាបបំផុតគិតចាប់តាំងពីខែធ្នូ ឆ្នាំ ២០០៨ មក ក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុសកលលោក។
នៅទីក្រុងឡុងដ៍ ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែ កុម្ភៈ ដែលជាតម្លៃប្រេងគោលអឺរ៉ុប បានធ្លាក់ថ្លៃ ៦២ សេន មកនៅត្រឹមតម្លៃ ៣៣,៦១ដុល្លារ។
ប្រេងប្រភេទ Brent នេះមានតម្លៃទាបជាង ៣៥ ដុល្លារជាលើកដំបូងក្នុងរយៈ១១ឆ្នាំ កាលពីប្រេងប្រភេទនេះត្រូវបានជួញដូរក្នុងតម្លៃ ៣៤,២៣ដុល្លារក្នុងមួយធុង។ លើកចុងក្រោយ ដែលតម្លៃប្រេងឆៅ Brent មានកម្រិតទាបបែបនេះគឺនៅខែកក្កដាឆ្នាំ ២០០៤។
ប្រេងឈប់ឡើងថ្លៃនៅតំបន់អាស៊ី ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីកាលពីថ្ងៃព្រហស្បតិ៍ ធនាគារកណ្តាលចិន បានទម្លាក់តម្លៃប្រាក់យន់មកនៅត្រឹមតម្លៃទាបបំផុតគិតចាប់តាំង ពីខែមីនា ឆ្នាំ២០១១មក បន្ទាប់ពីបានទម្លាក់តម្លៃរូបិយប័ណ្ណនេះកាលពីខែសីហា ដែលបានបង្កឲ្យមានភាពចលាចលនៅទីផ្សារ។
លោក Angus Nicholson អ្នកវិភាគទីផ្សារប្រចាំក្រុមហ៊ុន IG Ltd នៅទីក្រុង Melbourne បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «ដោយសារតម្លៃបានធ្លាក់ចុះខ្លាំង បន្ទាប់ពីកើនឡើងបានបន្តិច ស្ថានភាពនោះនឹងបង្ហាញថា តម្រូវការនៅប្រទេសចិន នឹងរងផលប៉ះពាល់ដោយសារតម្លៃប្រាក់យន់កាន់តែទាប»។
តម្រូវការប្រេងឆៅទំនងជានឹងធ្លាក់ចុះ នៅពេលប្រាក់ដុល្លារឡើងថ្លៃកាន់តែខ្លាំងធៀបនឹងរូបិយប័ណ្ណផ្សេងទៀតរបស់ប្រទេសនាំចូលប្រេង។ ប្រទេសចិនគឺជាប្រទេសប្រើប្រាស់ថាមពលច្រើនជាងគេរបស់ពិភពលោក។
របាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងថាមពលអាមេរិកកាលពីថ្ងៃពុធ បានបង្ហាញពីការធ្លាក់ចុះខ្លាំងនៃស្តុកប្រេងឆៅសម្រាប់លក់នៅ អាមេរិក ចំនួន ៥,១ លានធុង មកនៅត្រឹម ៤៨២,៣ លានធុងក្នុងសប្តាហ៍ដែលបានបញ្ចប់កាលពីថ្ងៃទី១ ខែមករា។
លោក Andy Lipow បម្រើការនៅសមាគម Lipow Oil Associates ឲ្យដឹងថា៖ «អ្វីដែលយើងរំពឹងទុកគឺ កំណើនស្តុកប្រេងសាំង និងប្រេងម៉ាស៊ូតខ្ពស់។ ទំហំកំណើនស្តុកប្រេងសាំង គឺជាការភ្ញាក់ផ្អើលដ៏ធំមួយ»៕
ប្រភព៖ postkhmer