ឥណ្ឌា៖ យុវតីឥណ្ឌាដែលត្រូវបុរសមួយក្រុមបង្ខាំងទុករយៈពេល ២សប្តាហ៍បាននិយាយក្នុងកិច្ចសម្ភាសន៍មួយផ្សាយតាមទូរទស្សន៍កាលពី ថ្ងៃអាទិត្យថា រូបនាងត្រូវបានចាប់រំលោភម្តងហើយម្តងទៀតមុនពេលត្រូវពួកវាបាញ់ពីរគ្រាប់ រួចបោះចោលក្នុងអណ្តូងទឹកមួយនៅក្រៅក្រុងញូវដេលី។
ជនរងគ្រោះអាយុ ១៤ ឆ្នាំតាមដឹងត្រូវបានចាប់ពង្រត់នៅថ្ងៃទី ២២ ខែវិច្ឆិកា ខណៈកំពុងដើរទៅផ្សារនៅក្រុងដេលីភាគខាងលិច ក្នុងករណីអំពើហិង្សាផ្លូវភេទថ្មីមួយក្នុងរដ្ឋធានីរបស់ឥណ្ឌាមួយនេះ ។
ថ្លែងទាក់ទងនឹងទុក្ខលំបាករបស់នាងទៅកាន់ប៉ុស្តិ៍ព័ត៌មាន NDTV យុវតីរូបនេះបានបកស្រាយប្រាប់ថា នាងត្រូវបានចាប់ខ្លួនទុកក្នុង "បន្ទប់ងងឹត" ជាទីដែលជនវាយប្រហារបីនាក់ប្តូរវេនគ្នាចាប់រំលោភនាងអស់រយៈពេល២ សប្តាហ៍។
ក្មេងស្រីរូបនេះបន្តក្នុងកិច្ចសម្ភាសន៍ទៀតថា "បន្ទាប់ពីបំពារបំពានផ្លូវភេទរយៈពេលពីរសប្តាហ៍រួចមក នៅយប់មួយពួកវាបាននិយាយថានឹង ដោះលែងខ្ញុំ។ ពួកវាដាក់ខ្ញុំនៅក្នុងរថយន្តហើយបើកទៅហាងមួយទិញស្រា បន្ទាប់មកចតឡានក្បែរអណ្តូងទឹកមួយ។ ពួកវាប្រាប់ខ្ញុំថានឹងដោះលែងខ្ញុំ ប៉ុន្តែនៅពេលដែលខ្ញុំថយក្រោយបានតែពីរបីជំហាន ពួកវាក៏បាញ់ខ្ញុំពីរគ្រាប់។ គ្រាប់ទីមួយបាញ់ចំឆ្អឹងជំនីររបស់ខ្ញុំ។ ខ្ញុំអត់មានអារម្មណ៍អ្វីទាំងអស់ ព្រោះរាងកាយខ្ញុំស្ពឹកស្រពន់អស់ទៅហើយ។ ប៉ុន្តែបន្ទាប់ពីគ្រាប់ទីពីរខ្ញុំក៏សន្លប់"។
នាងបានភ្ញាក់ឡើងញ័រញាក់និងទទឹកខ្លួនជោគនៅក្នុងអណ្តូង ទីដែលនាងនិយាយថានាងត្រូវពួកវាទុកចោលឱ្យស្លាប់បាតអណ្តូង។
ដោយបង្ហាញរបួសត្រង់ដើមទ្រូង នាងបានបន្តថា "នៅពេលខ្ញុំដឹងខ្លួនឡើងវិញ ខ្ញុំមើលឃើញគ្រាប់កាំភ្លើងនៅដើមទ្រូងរបស់ខ្ញុំ ដូច្នេះខ្ញុំក៏បានស្រែកឱ្យគេជួយ"។
អ្នកភូមិក្បែរនេះបានជួយទាញនាងចេញក្រៅនៅថ្ងៃទី ០៦ ខែធ្នូ បន្ទាប់ពីឮសំឡេងស្រែក និងប្រញាប់បញ្ជូននាងទៅមន្ទីរពេទ្យ។ ហើយបើយោងតាមព័ត៌មានក្នុងស្រុក បុរសជាច្រើននាក់ត្រូវបានចាប់ខ្លួនជុំវិញការវាយប្រហារនេះ។
យុវតីរូបនេះបានបន្តទៀតថា "ខ្ញុំចង់ឱ្យជនចាប់រំលោភទាំងនោះត្រូវព្យួរក ព្រោះគ្មាននរណាម្នាក់អាចទ្រាំនឹងអ្វីដែលខ្ញុំបានជួបនោះទេ"៕
ប្រភព៖ rasmeinews