ជប៉ុនប្រកាសថាខ្លួននឹង ឆ្លើយតប ប្រសិនបើនាវារបស់ចិនហ៊ានចូលកៀកដែនសមុទ្រក្នុងតំបន់ជម្លោះក្បែរ កោះសេនកាគូ ហើយជប៉ុននឹងបញ្ជូនកងនាវារបស់ខ្លួនទៅល្បាតនៅតំបន់នោះថែមទៀត ។ នេះបើយោងតាមការរាយការណ៍របស់កាសែតជប៉ុន Yomiuri កាលពីថ្ងៃអង្គារ ។
ជាការឆ្លើយតបនឹងនាវាល្បាតចិន ដែលតែងចូលមកកៀកដែនសមុទ្រកោះសេនកាគូ រដ្ឋាភិបាលជប៉ុនប្រកាសថា ខ្លួននឹងបញ្ជួននាវាល្បាតទៅកាន់តំបន់កោះនោះដែរ ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន ។ កាសែត Yomiuri ផ្សាយថា នាវាល្បាតរបស់កងស្វ័យការពារជប៉ុន នឹងធ្វើដំណើរទៅកាន់កោះសេនកាគូ ដើម្បីរុញច្រាននាវាចិនដែលមកក្នុងបរិវេណ២២ គីឡូម៉ែតក្បែរតំបន់នោះ។
ជាមួយគ្នានោះ កាសែតខាងលើបន្តថា ជប៉ុនបានប្រាប់ចិនរួចហើយពីគោលបំណងរបស់ខ្លួនក្នុងការបញ្ជូននាវា ល្បាតទៅកាន់តំបន់មានជម្លោះ ។ ហើយការបញ្ជូនលើកនេះ ប្រហែលបណ្ដាលមកពីការចូលកៀករបស់នាវាចិនមកតំបន់កោះសេនកាគូ ឬហៅតាមឈ្មោះចិនថា ទាវយូ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ។
មិនតែប៉ុណ្ណោះ ជប៉ុនក៏បញ្ជាក់ដែរថា នាវាប្រទេសណាដែលឆ្លងកាត់តំបន់ជាដែនទឹករបស់ខ្លួន នឹងត្រូវបណ្ដេញចេញពីទីតាំងនោះភ្លាម ប្រសិននាវានោះបង្កការគំរាម។
ការប្រកាសនេះ ប្រហែលជាបង្កឲ្យមានបញ្ហាថ្មីមួយទៀតរវាងជប៉ុននិងចិន ហើយវាអាចជាសញ្ញានៃការរាលដាលទៅរកជម្លោះកាន់តែធំរវាងមហាអំណាច ទាំងពីរនេះ ពីព្រោះទាំងចិននិងជប៉ុនតែងចាត់ទុកដែនទឹកតំបន់នោះជារបស់ខ្លួន។ ប៉ុន្តែតំបន់ទាំងនោះ កំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុននាពេលបច្ចុប្បន្ននេះ ។
បញ្ហាអធិបតេយ្យភាពលើដែនកោះសេនកាគូ នៅតែជារបាំងនៃទំនាក់ទំនងរវាងទីក្រុងតូក្យូនិងទីក្រុងប៉េកាំង ។ ក្រុងប៉េកាំងតែងបញ្ជូននាវារបស់ខ្លួនទៅកាន់តំបន់នោះ ហើយជានិច្ចកាល តែងប្រឈមមុខនឹងនាវានៃកងកម្លាំងស្វ័យការពាររបស់ជប៉ុនទៀតផង ។ យ៉ាងណាក្ដី ជម្លោះអាចកាន់តែរីករាលដាលកាន់តែធំ ប្រសិនបើភាគីទាំងពីរនៅតែបន្តសម្ញែងកម្លាំងដាក់គ្នាទៀតនោះ ។ ជាក់ស្ដែងនោះ កាលពីខែវិច្ឆិកាឆ្នាំ ២០១៥ ចិនបានបញ្ជូននាវាដែលគេជឿថា មានបំពាក់អាវុធចូលតំបន់នោះ ដែលជប៉ុនចាត់ទុកសកម្មភាពនេះ ជាសកម្មភាពគឃ្លើនរំលោភដែនអធិបតេយ្យខ្លួន ៕
ប្រភព៖ thmeythmey