អាមេរិកកាលពីថ្ងៃពុធបានអរគុណអ៊ីរ៉ង់ចំពោះការដោះលែងទាហានម៉ារីន១០នាក់ ដែលត្រូវបានចាប់ខ្លួនដោយសារតែបានចូលក្នុងដែនទឹកអ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃឺរី បាននិយាយថាដំណោះស្រាយលើបញ្ហានេះ"ជាការបញ្ជាក់អំពីកិច្ចការទូតដ៏សំខាន់ក្នុងការរក្សាប្រទេសយើងអោយមានសុវត្ថិភាព"។
តែបេក្ខជនមានសង្ឃឹមសំរាប់តំណែងប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានរិះគន់រដ្ឋការអាមេរិកចំពោះដំណោះស្រាយនៃឧបទ្ទវហេតុនេះ។
ពួកទាហានទាំង១០នាក់នេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ នៅពេលទូកល្បាតមួយក្នុងចំណោមទូក២របស់គេមានបញ្ហាគ្រឿងម៉ាស៊ីននៅក្នុងពេលហ្វឹកហាត់នៅក្នុងឈូងសមុទ្រ។
ប្រព័ន្ធផ្សព្វផ្សាយ អ៊ីរ៉ង់ បាននិយាយថា ពួកទាហានជើងទឹកទាំងនេះត្រូវបានដោះលែងចូលក្នុងដែនទឹកអន្តរជាតិវិញ ក្រោយពីពួកគេបានសារភាព។ តែអនុប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបដិសេធរឿងនេះ ដោយលោកបាននិយាយថា" ទូកវាមានបញ្ហាជារឿងធម្មតា គ្មានអ្វីត្រូវសុំទោសទេ"។
យោធាអាមេរិកកំពុងធ្វើការស៊ើបអង្កេតថា តើហេតុអ្វីបានជាពួកទាហានទាំងនេះចូលក្នុងដែនទឹកអ៊ីរ៉ង់៕
ទូរទស្សន៍ អ៊ីរ៉ង់ផ្សាយរូបភាពទាហានអាមេរិកនៅក្នុងកន្លែងឃុំឃាំង
ប្រភព៖ rasmeinews