បន្ទាប់ពីការវាយប្រហារ ដោយរួមមានទាំងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅចំកណ្តាលរដ្ឋធានីហ្សាការតាដោយក្រុមជ្រុលនិយមកាលពីម្សិលមិញ សន្តិសុខឥណ្ឌូនេស៊ី ត្រូវបានរឹតបន្តឹងខ្ពស់ ដោយបានដាក់ពង្រាយកម្លាំងចម្រុះទ្វេដងជាពិសេសនៅតាមស្ថានទូត និងមន្ទីរពេទ្យនៅក្នុងរាជធានីហ្សាការតា។
លោក Mohammad Iqba មេប៉ូលីសទទួលបន្ទុកកិច្ចការសាធារណៈឥណ្ឌូនេស៊ី បានថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃសុក្រុទី១៥ មករានេះថា កងកម្លាំងប៉ូលីស នឹងត្រូវពង្រាយទ្វេដងនៅតាមតំបន់ពិសេសដែលរួមមានស្ថានទូត ផ្សារទំនើប និងមន្ទីរពេទ្យនៅក្នុងរដ្ឋធានីហ្សាការតា។ លោកបញ្ជាក់ថា មកទល់ពេលនេះប៉ូលីសអាចគ្រប់គ្រងស្ថានភាពបានហើយ។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី១៤ ខែមករា ម្សិលមិញ មានក្រុមសកម្មប្រយុទ្ធមួយក្រុមដែលគេជឿជាក់ថា ជាបណ្តាញរបស់ក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម (ISIS) ចន្លោះ១០ទៅ១៤នាក់ បានបំផ្ទុះគ្រាប់បែក និងបើកការវាយប្រហារនៅក្បែរផ្សារទំនើប ក្នុងកណ្តាលក្រុងរដ្ឋធានីហ្សាការតា។ ហេតុការណ៍ ដែលត្រូវបានសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងនោះបានបណ្តាលឲ្យមាន មនុស្សស្លាប់៧នាក់។ ក្នុងនោះមានជនស៊ីវិល២នាក់ និងក្រុមជនសង្ស័យបង្កហេតុ៥នាក់។
ខណៈសារព័ត៌មានធំៗជាច្រើន បានដកស្រង់បន្តពីការចុះផ្សាយរបស់បណ្តាញព័ត៌មានរបស់ក្រុមជ្រុល និយមពីការប្រកាសទទួលខុសត្រូវនៃការប្រហារនៅកណ្តាលរដ្ឋធានីដោយ ក្រុមជ្រុលនិយមរដ្ឋឥស្លាម ISIS ប៉ូលីសឥណ្ឌូនេស៊ី ក៏បានដាក់ការសង្ស័យទៅលើក្រុមនោះដែរ។
អ្នកនាំពាក្យប៉ូលីសឥណ្ឌូនេស៊ី Anton Charliyan ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា ប៉ូលីសកំពុងតែ ដាក់ការសង្ស័យខ្លាំងទៅលើបណ្តាញនៃក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅស៊ីរី និងអ៊ីរ៉ាក់ (ISIS) ដែលមានទីតាំងនៅប្រទេសឥណ្ឌូនេស៊ី ។ លោកបន្ថែមទៀត គម្រោងនៃការវាយប្រហារនេះ គឺមិនខុសពីការប្រហារនៅក្រុងប៉ារីសដែលបង្កឡើងដោយក្រុមជ្រុលនិយម ISIS កាលពីពេលថ្មីៗនេះនោះទេ។
តែបើតាមមេប៉ូលីសប្រចាំក្រុងហ្សាការតាលោក Tito Karnavian ដែលបានអះអាងបន្ទាប់ពីសន្និសីទកាសែតរបស់លោក Anton Charliyan ថា« ISIS គឺជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារនេះ យ៉ាងពិតប្រាកដ »។ លោក Anton Charliyan អាចនិយាយបែបនេះដោយយោងទៅតាមការប្រកាសរបស់ Bahrun Naim ដែលជាភេរវជន ជនជាតិឥណ្ឌូនេស៊ីដែលបានចូលរួមជាមួយនឹងក្រុម ISIS ហើយបាន អះអាងពីគម្រោងនៃការវាយប្រហារនេះជាយូរមកហើយ៕
ប្រភព៖ thmeythmey