Sellia ជាភូមិដ៏តូចមួយនៅក្នុងខេត្ត Catanzaro ប្រទេសអ៊ីតាលី។ បញ្ហាសុខភាពរបស់អ្នកភូមិ បានក្លាយជាក្តីកង្វល់មួយដ៏ធំ ហេតុដូច្នេះហើយកាលពីខែសីហា ឆ្នាំ២០១៥ កន្លងមក លោក Davide Zicchinella ដែលជាមេភូមិ បានចេញក្រឹត្យមួយ ដែលហាមឃាត់មិនឲ្យពលរដ្ឋធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់នៅក្នុងភូមិ។ នេះបើតាមការផ្សាយរបស់ AFP។
លោកមេភូមិ Davide Zicchinella ដែលជាវេជ្ជបណ្ឌិតម្នាក់ផងដែរនោះ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន AFP ថា ក្រឹត្យហាមពលរដ្ឋស្លាប់នៅក្នុងភូមិនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងភូមិ Sellia ផ្ទាល់។
លោកបានលើកឡើងថា កាលពីឆ្នាំ១៩៦០ អ្នកភូមិបានប្រមាណ១៣០០នាក់ ហើយបច្ចុប្បន្នមានតែ៥៣៧នាក់ប៉ុណ្ណោះ ខណៈ៦នាក់ក្នុងចំណោម១០នាក់ សុទ្ធតែមានអាយុលើស៦៥ឆ្នាំ ។ ការថយចុះចំនួនពលរដ្ឋយ៉ាងគំហុកនេះ គឺដោយសារយុវជនមួយចំនួនបានចេញទៅធ្វើការនៅភាគខាងជើងអ៊ីតាលី និងនៅបរទេស ហើយមួយចំនួនទៀតបានទទួលមរណភាពដោយសារតែបញ្ហាសុខភាព។
ក្រឹត្យហាមស្លាប់ គឺក្នុងគោលបំណងលើកទឹកចិត្តឲ្យអ្នកភូមិទាំង៥៣៧នាក់ គិតលើបញ្ហាសុខភាពជាចម្បង ជាពិសេសការទៅត្រួតពិនិត្យសុខភាពឲ្យបានដិតដល់នៅមជ្ឈមណ្ឌលសុខភាព។ មេភូមិវ័យ៤០ឆ្នាំ បានពន្យល់ប្រាប់ AFP ថា៖ «ជីវិតមនុស្សគឺមានតម្លៃធម្មជាតិ ប៉ុន្តែនៅភូមិនេះ គឺមានតម្លៃផ្នែកសង្គម ពីព្រោះរាល់ការស្លាប់របស់មនុស្ស ដូចជាការបាត់បង់ភូមិយ៉ាងដូច្នោះដែរ»។
កាលពីពេលថ្មីៗកន្លងមកនេះ លោក Zichhinella បានកែប្រែសាលារៀនមួយឲ្យទៅជាមជ្ឈមណ្ឌលសុខភាព ក្រោមជំនួយរបស់សហគមន៍អឺរ៉ុប។ ជាមួយគ្នានេះ លោកបានតម្រូវឲ្យអ្នកភូមិត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ តាមរយៈការបង់ពន្ធបន្ថែមចំនួន៣០អឺរ៉ូ ជារៀងរាល់ឆ្នាំ។
ផលវិជ្ជមានបានកើតឡើង ដោយអ្នកភូមិនាំគ្នាទៅចុះឈ្មោះធ្វើការត្រួតពិនិត្យសុខភាពជា បន្តបន្ទាប់ ក្រោយការចេញក្រឹត្យរបស់លោក Zecchinella ។ «ពលរដ្ឋរបស់យើង បានឆ្លើយតបប្រកបដោយស្មារតីខ្ពស់ទៅនឹងការផ្តួចផ្តើមនេះ។ វាជាការលើកទឹកចិត្តមួយដ៏ធំ ជាពិសេសការពង្រឹងសុខុមាលភាពក្នុងភូមិ ដើម្បីកាត់បន្ថយអត្រាមរណៈក្នុងភូមិដែលមានពលរដ្ឋតែជាង៥០០នាក់។
លោកមេភូមិបានបន្ថែមថា នៅពេលដែលពលរដ្ឋ ជាពិសេសយុវជនមានសុខភាពល្អ ភូមិ Sellia ដែលស្ថិតជ្រលងភ្នំ និងជាភូមិចាស់បុរាណមួយនេះ អាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន៕
ប្រភព៖ thmeythmey