អាមេរិកត្រូវសងអ៊ីរ៉ង់ នូវបំណុល៤០០លាននិងការប្រាក់ចំនួន១,៣ពាន់លានដុល្លារដែលគិត ចាប់តាំងពីបដិវត្តន៍អ៊ីស្លាម នេះបើតាមការអោយដឹងពីរដ្ឋមន្ត្រីការបរទេស លោក ចន ឃឺរី កាលពីថ្ងៃ១៧មករា។
សំណង ដែលត្រូវបានសំរេចដោយតុលាការអន្តរជាតិមួយ ផ្សេងពីប្រាក់ដែលត្រូវបង្កកទុករាប់ពាន់លានដុល្លារដែលអ៊ីរ៉ង់ ឥឡូវអាចចូលយកមកប្រើ ក្រោយការបញ្ចប់ទណ្ឌកម្ម។
ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានខំការពារដំណោះស្រាយជាមួយអ៊ីរ៉ង់ ដោយបាននិយាយនៅក្នុងទូរទស្សន៍ថា "មិនយូរមិនឆាប់ វានៅតែជាប្រាក់របស់អ៊ីរ៉ង់។កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ អ៊ីរ៉ង់ជួយសន្សំប្រាក់រាប់ពាន់លាន។ វាគ្មានប្រយោជន៍ទេដែល អាមេរិកត្រូវអូសបន្លាយទណ្ឌកម្មនេះ"។
លោកឃឺរី បាននិយាយថា ប្រាក់៤០០លាននេះ ជាប្រាក់ដែលអ៊ីរ៉ង់ទិញសព្វាវុធរបស់អាមេរិកនៅមុនប្រទេសទាំង២ ផ្តាច់ទំនាក់ទំនងការទូត បូករួមទាំងការប្រាក់១,៣ពាន់លានទៀត។
ចំណងទាក់ទងរវាងអ៊ីរ៉ង់និងអាមេរិក ត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៩ ក្រោយពួកបដិវត្តន៍ ដោយខឹងនឹងការគាំទ្ររបស់អាមេរិកដើម្បីទម្លាក់របបរាជានិយម បានសំរុកចូលស្ថានទូតអាមេរិកនិងចាប់ចំណាប់ខ្មាំង។
នៅឆ្នាំ ១៩៨១ សាលាកាត់ក្តីអ៊ីរ៉ង់-អាមេរិកហៅថាIran-US Claimsត្រូវបានបង្កើតឡើងនៅក្រុងឡាអេ ដើម្បីដោះស្រាយបំណុលហួសកាលកំណត់សងរវាងប្រទេសទាំងពីរ និងរដ្ឋាភិបាលក្រុងតេអេរ៉ង់បានប្តឹងទារប្រាក់ទិញសព្វាវុធនេះវិញ៕
ប្រភព៖ rasmeinews