ការស្ទង់មតិ​៖ លោកស្រី Clinton នាំមុខ​លោក Sanders ចំនួន ២៥​ភាគរយ​នៅ​ទូទាំងប្រទេស

20-January-2016 | ដោយ មួយឡា

តាម​លទ្ធផល​ថ្មីៗ​បំផុត​នៃ​ ការស្ទង់មតិ​ថ្មី​មួយ​ដោយ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង NBC និង​កាសែត Wall Street Journal បាន​ឲ្យ​ដឹងថា លោកស្រី Hillary Clinton បេ​ក្ខ​នារី​ប្រធានាធិបតី​ស​.​រ​.​អា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​នាំមុខ​ គូប្រជែង​របស់លោក​ស្រី​គឺ លោក Bernie Sanders ចំនួន​២៥​ភាគរយ​នៅ​ទូទាំងប្រទេស​នៅមុន​ការជជែក​ដេញដោល​គ្នា​ចុងក្រោយបង្អស់​ រវាង​ក្រុម​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​នៅមុន​ការប្រជុំ និង​បោះឆ្នោត​caucus ដ៏​សំខាន់​នៅក្នុង​រដ្ឋ Iowa​។​

​លោកស្រី Clinton បានទទួល​ការគាំទ្រ ៥៩​ភាគរយ​ក្នុងចំណោម​ក្រុម​អ្នកបោះឆ្នោត​ខាង​គណបក្ស​ប្រជាធិបតេយ្យ ចំណែក​លោក Sanders បានទទួល​ការគាំទ្រ ៣៤​ភាគរយ​។​លោក Martin O'Malley មានការ​គាំទ្រ​តែ​ពីរ​ភាគរយ​ប៉ុណ្ណោះ​។​

​តួលេខ​ទាំងនេះ​ស្រដៀង​គ្នា​នឹង​តូ​លេខ​កាលពី​ខែធ្នូ ដែល​នៅពេលនោះ​លោកស្រី Clinton ទទួលបាន​ការគាំទ្រ ១៩​ភាគរយ​លើស​លោក Sanders នៅ​ទូទាំង​ប្រទេសជាតិ​។​

​កាលពី​ថ្ងៃអាទិត្យ លោកស្រី Clinton បាន​បង្កើន​ការវាយប្រហារ​តាម​ពាក្យសម្តី​លើ​លោក Sanders អំពី​ប្រវត្តិ​សមាជិក​ព្រឹទ្ធសភា​ស​.​រ​.​អា​ប្រចាំ​រដ្ឋ Vermont រូបនេះ អំពី​ការត្រួតត្រា​កាំភ្លើង តែ​ប៉ុន្មាន​ម៉ោង​នៅមុន​ការជជែក​ដេញដោល​លើក​ទី​បួន​។​

​ការស្ទង់មតិ​នេះ​ដោយ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង NBC និង​កាសែត Wall Street Journal ក៏បាន​រកឃើញ​ដែរ​ថា ចំនួន​មួយ​ភាគបី​នៃ​ក្រុមមនុស្ស​ដែល​និយាយថា ពួកគេ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ​បាន​និយាយថា ពួកគេ​គាំទ្រ​លោក Donald Trump បន្ទាប់មក​លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Texas មានការ​ទ្រទ្រង់​២០​ភាគរយ​។ ចំណេ​កឯ​លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Florida មានការ​គាំទ្រ​១៣​ភាគរយ ហើយ​លោក Ben Carson ដែលជា​វេជ្ជបណ្ឌិត​ចូលនិវត្តន៍​ខាង​ការវះកាត់​សរសៃប្រសាទ​កុមារ ទទួលបាន​ការគាំទ្រ​តែ​១២​ភាគរយ​ប៉ុណ្ណោះ​៕

ប្រភព៖ khmer.voanews.com

 

ចំនួនអ្នកទស្សនា

    19571297

  • ថ្ងៃនេះ1441
  • ម្សិលមិញ3211
  • សប្តាហ៍នេះ14471
  • ខែនេះ7591
  • ឆ្នាំនេះ343851
  • សរុប19571297