ចាប់ពីថ្ងៃពុធ ទី២០ ដល់ថ្ងៃសៅរ៍ ទី២៣ មករា វេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ (World Economic Forum) លើកទី៤៦ បានផ្តើមកិច្ចប្រជុំរបស់ខ្លួននៅក្នុងទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស។ កិច្ចប្រជុំដែលចូលរួមដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ អ្នកតំណាងអង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល អ្នកតំណាងស្ថាប័នអន្តរជាតិផ្សេងៗ ព្រមទាំងអ្នកសិល្បករជាច្រើនរូបដែលសរុបមានគ្នាជាង ២ ៥០០នាក់។ ប្រធានបទផ្លូវការរបស់វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៦ ឆ្នាំនេះគឺ « បដិវត្តន៍ឧស្សាហកម្មលើកទី៤ ដែលនឹងផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក »។
វេទិកា សេដ្ឋកិច្ចពិភពលោកដែលភាសាបារាំងហៅថា « Forum Economique Mondial » ឬហៅជាភាសាអង់គ្លេសថា « World Economic Forum » បានចាប់កំណើតឡើងក្នុងឆ្នំា ១៩៧១ ហើយអ្នកដែលបានផ្តួចផ្តើមគំនិតឲ្យមាន Forum នេះឡើង គឺលោក Klaus Schwab សាស្ត្រាចារ្យសេដ្ឋកិច្ចនៅសកលវិទ្យាល័យក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ តាំងពីពេលនោះមក វេទិកាសេដ្ឋកិច្ចពិភពលោកបានរៀបចំកិច្ចប្រជុំជារៀងរាល់ឆ្នំានៅ ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស។
ជាទូទៅ មានប្រធានបទច្រើន និងចម្រុះដែលវេទិកាសេដ្ឋកិច្ចពិភពលោកលើកទៅជជែក។ ក្រៅពីប្រធានបទទាក់ទងនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងពិភពលោក ក៏មានប្រធានបទទាក់ទងនឹងផ្នែកផ្សេងៗទៀត រួមមាន បញ្ហាអាកាសធាតុក្នុងភពផែនដី ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាត្បាត បញ្ហាមនុស្សធម៌ ឬមួយក៏ជម្លោះប្រដាប់អាវុធ។ ជារួម វេទិកាសេដ្ឋកិច្ចពិភពលោកគឺជាកន្លែងដែលអ្នកចូលរួមត្រូវលើកយកទៅ ជជែកនូវបញ្ហាសំខាន់ៗ និងបន្ទាន់ដែលកំពុងកើតមាននៅក្នុងពិភពលោកសព្វថ្ងៃ។
ក្រៅពីជាវេទិកាសាធារណៈ « World Economic Forum » ក៏ជាវេទិកានៃជំនួបក្រៅផ្លូវការជាលក្ខណៈពហុភាគីរវាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលដែលចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក។ ក៏ដូចជារៀងរាល់ឆ្នាំ « World Economic Forum » លើកទី៤៦ ឆ្នាំនេះមានមនុស្សចូលរួមប្រមាណជា ២៥ ០០នាក់មកពីជាង ១០០ប្រទេសក្នុងលោក។
សេដ្ឋកិច្ចចិន ជាក្បាលម៉ាស៊ីនទាញសេដ្ឋកិច្ចពិភពលោក
មានសំណុំរឿងសំខាន់ៗចំនួន ៣ ដែលកំពុងគ្របដណ្តប់ខ្លាំងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៦។ ទី១ ស្ថានភាពសេដ្ឋកិច្ចបន្តផុយស្រួយ ទី២ កំណើនចំនួនអំពើភេរវកម្មបង្កដោយអង្គការរដ្ឋអ៊ីស្លាម និងទី៣ វិបត្តិជនអន្តោប្រវេសន៍នៅក្នុងទ្វីបអឺរ៉ុប និងនៅដើមបូព៌ា។ និយាយពីស្ថានភាពសេដ្ឋកិច្ចផុយស្រួយក្នុងលោកត្រូវបានគេផ្តោត សំខាន់ខ្លាំងលើស្ថានភាពសុខភាពសេដ្ឋកិច្ចរបស់ចិន។ ចិនដែលទើបបានប្រកាសឲ្យដឹងពីអត្រាកំណើនសេដ្ឋកិច្ចឆ្នាំ ២០១៥ ដែលមាន ៦,៩%។
៦,៩% ជាកម្រិតទាបខ្លាំងដែលចិនមិនធ្លាប់មានទេ បើគិតក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ។ ស្ថានភាពសុខភាពសេដ្ឋកិច្ចចិនមិនល្អដែលជាកត្តាផុយស្រួយចំពោះ សេដ្ឋកិច្ចពិភពលោកសព្វថ្ងៃ និងទៅអនាគត។ ក្រៅពីនោះ ក្តីបារម្ភក៏ទាក់ទងនឹងកំណើនគម្លាតខ្លាំងរវាងអ្នកមាន និងអ្នកក្រ ពោលវិបត្តិសេដ្ឋកិច្ចសកលមិនត្រឹមតែមិនបានប៉ះពាល់ដល់ក្រុមអ្នក មានគ្រាក់ៗប៉ុណ្ណោះទេ តែរឹតតែជួយពួកគេឲ្យមានថែម។
សំណុំរឿងលេចធ្លោទី២ គឺកំណើនចំនួនភេរវកម្មបង្កឡើងដោយអង្គការរដ្ឋអ៊ីស្លាម និងកំណើនឥទ្ធិពលរបស់អង្គការភេរវិនិយមមួយនេះ និងសំណុំរឿងទី៣ គឺទាក់ទងនឹងវិបត្តិជនអន្តោប្រវេសន៍ដែលអឺរ៉ុប និងតំបន់ដើមបូព៌ាកំពុងជួបប្រទះសព្វថ្ងៃ។ គ្រាន់តែមួយឆ្នាំ ២០១៥ មានជនភៀសខ្លួនចំនួន ១លាននាក់បានមកកាន់ទ្វីបអឺរ៉ុប និងអាចកើនមានបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៦ និងឆ្នាំបន្ទាប់។ កំណើនជនអន្តោប្រវេសន៍មិនត្រឹមតែជះផលវិបាកដល់ប្រទេសដែលទទួលយក ប៉ុណ្ណោះទេ តែក៏បង្កឲ្យមានវិបត្តិមនុស្សធម៌ ពិសេសជះលើជនអន្តោប្រវេសន៍ខ្លួនឯង។
កន្លងមក ប្រទេសអឺរ៉ុបពាក់ព័ន្ធបានព្យាយាមដោះស្រាយលំហូរជនអន្តោប្រវេសន៍ដោយ ខ្លួនឯងទៅតាមលទ្ធភាពដែលមាន។ នៅក្នុងដំណោះស្រាយនោះ មានវិធានការខ្លះមនុស្សធម៌ និងវិធានការក្តៅ ដោយបណ្តេញចេញ ឬបិទព្រំដែន។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ មានការលើកឡើងឲ្យមានការចូលរួមដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ពី សំណាក់ស្ថាប័នឯកជន ដោយចាប់ផ្តើមពីប្រធានក្រុមហ៊ុន រោងចក្រ សហគ្រាសគ្រាក់ៗនៅក្នុងលោក៕
ប្រភព៖ km.rfi.fr