ប៉ូលិសតាហ្ស៊ីគីស្ថាន បានសម្រេចកោរពុកមាត់បុរស១៣០០នាក់ និងបិទហាងចំនួនច្រើន១៦០ដែលលក់សម្ភារៈប្រពៃណីឥស្លាមក្នុងឆ្នាំ ២០១៥ ។ រដ្ឋាភិបាលតាហ្ស៊ីគីស្ថាន ដាក់ចំណាត់ការនេះដើម្បីប្រឆាំងរាល់ឥទ្ធិពលបរទេស។
ដើម្បីលុបបំបាត់ឥទ្ធិពលបរទេស រដ្ឋអាស៊ីកណ្តាល តាហ្ស៊ីគីស្ថានបានសម្រេចដាក់ចេញវិធានការមួយដោយចាប់បុរសដែលទុក ពុកមាត់វែងកោរចេញឲ្យអស់ និងបិទចោលហាងជាច្រើន ដែលលក់សម្លៀកបំពាក់ប្រពៃឥស្លាម។ កាលពីឆ្នាំមុន ប៉ូលិសតាហ្ស៊ីគីស្ថានកោរពុកមាត់បុរសចំនួន ១៣០០នាក់ និង បិទហាងយ៉ាងហោចណាស់ ១៦០ កន្លែងផងដែរ។
យោងតាមសារព័ត៌មាន Al Jazeera មេប៉ូលិសតំបន់ Khathlon លោក Bahrom Sharifzoda បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធទី ២០ មករាម្សិលមិញ ភ្នាក់ងារអនុវត្តច្បាប់បានចាប់ផ្តើមចេញប្រតិបត្តិការណែនាំនិង បញ្ចុះបញ្ចូលស្ត្រី និងក្មេងៗចំនួន ១៧០០នាក់ ឲ្យឈប់ពាក់កន្សែងរុំក្បាលផងដែរ។
យុទ្ធនាការរបស់រដ្ឋាភិបាលតាហ្ស៊ីគីស្ថាននេះ គឺដើម្បីប្រឆាំងមនោគមន៍វិជ្ជាជ្រុលនិយមផងដែរ។ តាហ្ស៊ីគីស្ថានស្ថិតក្រោមរបបដឹកនាំដែលមាននិន្នាការដាច់ឆ្ងាយពីសា សនា កន្លងមកបានប្រឹងប្រែងទប់ស្កាត់រាល់ការហូតចូលនៃមនោគមន៍វិជ្ជា ជ្រុលនិយមដែលកំពុងអុកឡុកប្រទេសជិតខាងខ្លួន អាហ្វហ្កានីស្ថានផងនោះ។
ពាក់ព័ន្ធបញ្ហានេះ ប្រធានាធិបតីតាហ្ស៊ីស្ថានលោក Emomali Rahmon បានព្យាយាមប្រើប្រាស់មធ្យោបាយនានាដើម្បីលើកកម្ពស់ផ្នត់គំនិតដែលមិន ងប់ងល់នឹងសាសនា និងបញ្ចុះបញ្ចូលប្រជាជនឲ្យលះបង់ជំនឿ និងការអនុវត្តទាំងឡាយណាដែលប៉ះពាលដល់ស្ថេរភាពតាហ្ស៊ីគីស្ថាន។ លោក Emomali បានឡើងកាន់អំណាចតាំងពីឆ្នាំ ១៩៩៤ និងព្យាយាមបង្រួបបង្រួមជាតិនិងបង្កើតសន្តិភាពនៅតាហ្ស៊ីគីស្ថាន។ ហើយអណត្តិថ្មីរបស់លោកនឹងចប់នៅក្នុងឆ្នាំ ២០២០ ឯណោះ។
កាលពីខែកញ្ញាកន្លងមក តុលាការកំពូលតាហ្ស៊ីគីស្ថាន ក៏បានសម្រេចហាមឃាត់គណបក្សនយោបាយឥស្លាមតែមួយគត់នៅក្នុងប្រទេស ក្រោយពេលហិង្សាកើតឡើងអូសបន្លាយរាប់ខែដែលបណ្តាលមកពីការបញ្ជ្រៀប មនោគមន៍វិជ្ជាជ្រុលនិយម។ ហើយកន្លងមក គេបានទទួលព័ត៌មានផងដែរថា ប្រជាជនតាហ្ស៊ីគីស្ថានច្រើនជាង ២០០០នាក់កំពុងច្បាំងក្នុងសង្គ្រាមសាសនានៅស៊ីរី ដែលវាជាក្តីបារម្ភបំផុតសម្រាប់រដ្ឋាភិបាលនេះ។
.តាហ្ស៊ីគីស្ថានជាអតីតរដ្ឋសហភាពសូវៀត។ តាំងពីសហភាពសូវៀតរលំរលាយទៅ មកដល់បច្ចុប្បន្ន ប្រទេសនេះនៅ តែបន្តពឹងផ្អែកខ្លាំងលើរុស្ស៊ីនិងមានទំនាក់ទំនងល្អជាមួយក្រុង ម៉ូស្គូ ព្រោះប្រជាជនតាហ្ស៊ីគីស្ថានច្រើនណាស់បន្តធ្វើការរកកម្រៃនៅក្នុង ប្រទេសរុស្ស៊ី៕
ប្រភព៖ thmeythmey