វិបត្តិ ជនភៀសខ្លួនជាបញ្ហាដ៏ធំ ដែលពិភពលោកសព្វថ្ងៃកំពុងប្រឈមខ្លាំង។ យោងទៅលើបន្ទុក និងភាពបន្ទាន់ ជាពិសេស ផ្នែកសេដ្ឋកិច្ច និងសង្គម វិបត្តិជនភៀសខ្លួនបានក្លាយជាប្រធានបទសំខាន់ ដែលគេលើកយកទៅនិយាយនៅគ្រប់កិច្ចប្រជុំ ក្នុងវេទិការសេដ្ឋកិច្ចសកល ដាវ៉ូស ដែលកំពុងប្រព្រឹត្តធ្វើ ក្នុងប្រទេសស៊្វីស។ នៅក្នុងបទអន្តរាគមន៍របស់លោកនៅដាវ៉ូស លោកប្រមុខការបរទេសអាមេរិក ចន ឃេរី បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនវិភាគទានសម្រាប់ជំនួយមនុស្ស ធម៌ ឲ្យបាន៣០ភាគរយ បន្ថែមទៀត។
នៅវេទិការ សេដ្ឋកិច្ចសកល ដាវ៉ូស លោករដ្ឋមន្រ្តីការបរទេសអាមេរិក ចន ឃេរី បានអំពាវនាវឲ្យគេបង្កើនទឹកប្រាក់ជំនួយមនុស្សធម៌របស់អង្គការ សហប្រជាជាតិ ឲ្យបានប្រមាណ ៣០ភាគរយបន្ថែម នៅឆ្នាំនេះ។ ការអំពាវនាវឲ្យបង្កើនទឹកប្រាក់វិភាគទាននឹងជួយឲ្យជំនួយ មនុស្សធម៌ ដែលមានប្រមាណ ១០០ពាន់លានដុល្លារ នៅឆ្នាំ ២០១៥ កើនឡើងដល់១៣០ពាន់លានដុល្លារ នៅឆ្នាំ២០១៦។
បង្កើនទឹកប្រាក់វិភាគទានឲ្យបានច្រើនជាងមុន គឺដើម្បីឆ្លើយតបនឹងវិបត្តិជនភៀសខ្លួន ដែលចេះរីកធំធាត់ នាពេលបច្ចុប្បន្ន ដោយសារជម្លោះប្រដាប់អាវុធ និងសង្រ្គាមស៊ីវិលនៅស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន។ តាមប្រមុខការបរទេសអាមេរិក ក្រៅតែបង្កើន បន្ថែមការវិភាគទានសម្រាប់ជំនួយមនុស្សធម៌អន្តរជាតិ អាមេរិកចង់បានផងដែរ ឲ្យចំនួនប្រទេសដែលផ្តល់ជំនួយ ជាអចិន្ត្រៃយ៍ កើនឡើងពី៥ ដល់ ១០ប្រទេស។ អាមេរិកនៅតែប្រទេសនាំមុខ គេ ក្នុងការផ្តល់ថវិកាសម្រាប់ជំនួយមនុស្សធម៌អន្តរជាតិ ដោយបានចំណាយថវិកាប្រមាណ ៤ពាន់ ៥រយលានដុល្លារ សម្រាប់ជនភៀសខ្លួនស៊ីរី តាំងពីឆ្នាំ ២០១១មក។
វិបត្តិជនភៀសខ្លួន កំពុងក្លាយជាកង្វល់របស់អឺរ៉ុប ជាពិសេស អាល្លឺម៉ង់ ដែលត្រូវទទួលជនភៀសខ្លួនប្រមាណ ១លាននាក់ នៅឆ្នាំ ២០១៥។ នៅថ្ងៃបើកវេទិការសេដ្ឋកិច្ចសកល ទីក្រុងដាវ៉ូស លោកប្រធានាធិបតីអាល្លឺម៉ង់ Joachim Gauck បានស្រែកឡើងពីសោកនាដកម្ម និងថា អាល្លឺម៉ង់មិនអាចទទួលបន្ទុកជនភៀសខ្លួនតែម្នាក់ឯងតទៅទៀតបានទេ។ “សាមគ្គីភាព ហើយនិងចិត្តទូលាយរបស់អាល្លឺម៉ង់ មិនអាចមានជាអមតៈ។ ការទទួលជនភៀសខ្លួននៅអាល្លឺម៉ង់គឺអាស្រ័យទាំងស្រុងលើសុខភាព សេដ្ឋកិច្ច សមត្ថភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធដើម្បីទទួលជនភៀសខ្លួន ហើយនិងឆន្ទៈរបស់ជនភៀសខ្លួន ក្នុងការដាក់ខ្លួនរស់នៅក្នុងសង្គមអាល្លឺម៉ង់”។
តាមរបាយការណ៍របស់អ្នកជំនាញ របស់FMI ដែលសិក្សាទៅលើការចូលរួមវិភាគទានរបស់ជនភៀសខ្លួន សម្រាប់ប្រទេសជ្រកកោនថ្មី ជនភៀសខ្លួននឹងមិនមែនជាបន្ទុក ប៉ុន្តែ ផ្ទុយទៅវិញ នឹងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់អឺរ៉ុបដែលកំពុងប្រឈមនឹងលំហូរ ជនភៀសខ្លួន។ អ្នកជំនាញបានលើកឡើងពីផលវិជ្ជមានសម្រាប់ផលិតផលក្នុងស្រុកសរុប របស់ប្រទេសទទួលជនភៀសខ្លួន បើសិនគេប្រញាប់បញ្ចូលជនភៀសខ្លួន ឲ្យបានកាន់តែឆាប់ ទៅក្នុងពិភពការងារ។ ប្រធានមូលនិធិ រូបិយវត្ថុយ អន្តរជាតិ FMI លោកស្រី Christine Lagarde បានបញ្ជាក់ថា ការងាររបស់ជនភៀសខ្លួននឹងជួយឲ្យផលិតផលក្នុងស្រុកសរុបរបស់ អាល្លឺម៉ង់កើនឡើង ប្រមាណ ០,៥%។ កំណើនសេដ្ឋកិច្ច បានមកពីការចូលរួមចំណែករបស់ជនភៀសខ្លួនមិនត្រឹមតែជួយសម្រាលការចំណាយ សាធារណៈ សម្រាប់ទទួលជនភៀសខ្លួន តែប៉ុណ្ណោះទេ ប៉ុន្តែ វានឹងជួយប៉ះប៉ូវ ផងដែរ បញ្ហាខ្វះកម្លាំងការងារដោយសារតែការកើនឡើងនៃចំនួនមនុស្សចាស់ នៅអាល្លឺម៉ង់៕
ប្រភព៖ km.rfi.fr