នៅថ្ងៃអង្គារ ទី២៦ មករា ប្រទេសកូវ៉ែត និងអ៊ីរ៉ាក់ដែលជាសមាជិករបស់អង្គការនៃក្រុមប្រទេសនាំប្រេងចេញហៅ កាត់ថា Opep បានបដិសេធមិនឲ្យ Opep កាត់បន្ថយផលិតកម្មប្រេងក្នុងគោលដៅជួយធ្វើឲ្យតម្លៃមាសខ្មៅមួយនេះ ឡើងថ្លៃវិញទេ។ កូវ៉ែត និងអ៊ីរ៉ាក់បានយល់ឃើញថា ដើម្បីអាចឲ្យតម្លៃប្រេងឡើងថ្លៃវិញបាន Opep គឺត្រូវមានការរួមសហការណ៍ជាមួយក្រុមប្រទេសនាំប្រេងចេញផ្សេងទៀត ដែលមិនមែនជាសមាជិករបស់ Opep។ ទន្ទឹមគ្នានេះ កូវ៉ែត និងអ៊ីរ៉ាក់ក៏មិនចង់ឲ្យ Opep បើកកិច្ចប្រជុំបន្ទាន់មួយដូចការទាមទាររបស់សមាជិកដទៃទៀតទេ។
គឺនៅចំពោះមុខក្រុមអ្នកកាសែតដែលលោករដ្ឋមន្រ្តីស្តីទីនៃក្រសួងថាមពល កូវ៉ែតអាណាស អាល់ សាលេបានថ្លែងថា វាពិតជាមិនសមហេតុ សមផលទាល់តែសោះដែលអង្គការ Opep ត្រូវកាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួនតែម្នាក់ឯង ដោយគ្មានការចូលរួមពីក្រុមប្រទេសនាំប្រេងចេញផ្សេងទៀតដែលមិនមែន ជាសមាជិករបស់អង្គការ Opec នោះទេ។ អ្វីដែលលោកសាលេចង់និយាយនោះគឺថា ទោះបីជា Opep កាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួនក៏ដោយ ក៏នៅតែមិនអាចធ្វើឲ្យតម្លៃប្រេងឡើងថ្លៃភ្លាមៗបានដែរ។
ចំណែក លោករដ្ឋមន្រ្តីក្រសួងថាមពលអ៊ីរ៉ាក់អាដែល អាប់ដែល មេឌីក៏បានយល់ឃើញដូចសមភាគីកូវ៉ែតដែរ និងថា អ៊ីរ៉ាក់បានត្រៀមខ្លួនដើម្បីសហការណ៍ជាមួយគ្រប់ប្រទេសនំាប្រេងចេញ ទាំងអស់ រាប់ទាំងប្រទេសដែលមិនមែនជាសមាជិកអង្គការ Opep ផង។ លោកអាប់ដែល មេឌីបានយល់ឃើញថា ដើម្បីអាចជួយស្រោចស្រង់តម្លៃប្រេងដែលកំពុងដាំក្បាលចុះខ្លាំងពេល នេះ គេត្រូវការឲ្យមានកុងសង់ស៊ុសរួមពីក្រុមប្រទេសនាំប្រេងចេញទាំង អស់ ទាំងប្រទេសសមាជិក និងមិនសមាជិករបស់ Opec។
សូមជម្រាបជូនថាសព្វថ្ងៃ ប្រេងមួយបារីលមានតម្លៃក្នុងរង្វង់ ៣០ដុល្លារដែលជាតម្លៃមួយដ៏ទាបមិនធ្លាប់មានទេគិតជាង ១៣ឆ្នាំកន្លងទៅ។ តែ Opec នៅបន្តបដិសេធមិនបញ្ចុះផលិតកម្មប្រេងរបស់ខ្លួនទេ។ ប្រទេសវ៉េណេស៊ុយអេឡាដែលជាសមាជិក Opec ដែរបានអំពាវនាវឲ្យ Opec កោះប្រជុំវិសាមញ្ញមួយនៅខែកុម្ភៈដើម្បីសិក្សាពីតម្លៃប្រេងធ្លាក់ ថ្លៃ។ តែប្រទេសកូវ៉ែតបានឆ្លើយថា បើរួមប្រជុំគ្នាដើម្បីគ្រាន់តែជួបជុំជារឿងមិនចាំបាច់ និងឥតប្រយោជន៍។
យ៉ាងណាក៏ដោយ ប្រទេសសមាជិកអង្គការ Opep មួយទៀតគឺកាតាបានបញ្ជាក់ថា តម្លៃប្រេងមិនអាចបន្តធ្លាក់ថ្លៃជារៀងរហូតរបៀបនេះទេ និងអាចឡើងថ្លៃវិញនៅមុនដំណាច់ឆ្នាំ ២០១៦ នេះ៕
ប្រភព៖ RFI