នាយកដ្ឋានផ្នែកដឹកជញ្ជូនអាមេរិកគ្រោងរៀបចំឲ្យមានការប្រាស្រ័យគ្នាទៅលើ បច្ចេកទេសនៃការអភិវឌ្ឍយានយន្តគ្មានមនុស្សបើកឲ្យខាងតែបានក្នុងពេលណាមួយដ៏ខ្លីខាងមុខ ។ ក្រុមមន្ត្រីរបស់លោកអូបាម៉ាគ្រោងអនុម័តប្រាក់ចំនួនជិត៤ពាន់លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ ដើម្បីផ្ដល់ឲ្យរោងចក្រផលិតរថយន្តក្រុមអ្នកស្រាវជ្រាវឯកជននានា យកទៅចំណាយក្នុងការស្រាវជ្រាវរិះរកវិធីផលិតរថយន្តគ្មានមនុស្សបើក ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ក្រុមមន្ត្រីមកពីស្ថាប័នរដ្ឋ និងធ្វើការរួមគ្នាជាមួយ ម្ចាស់រោងចក្រផលិតរថយន្តទាំងឡាយ ដើម្បីពន្លឿនបច្ចេកទេស នៃការផលិតរថយន្តគ្មានមនុស្សបើកក្នុងបំណងកាត់បន្ថយកត្តាគ្រោះថ្នាកចរាចរណ៍ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមផ្លូវ ព្រមជាមួយការកាត់បន្ថយ ការបំពុលបរិស្ថានដោយផ្សែងរថយន្តបណ្ដាលមកពីការកកស្ទះចរាចរណ៍ផងដែរ ។
មូលហេតុចម្បងនៃការផលិតរថយន្តគ្មានមនុស្សបញ្ជានេះ អាចផ្ដល់ប្រយោជន៍ច្រើនយ៉ាង ព្រោះរថយន្តទាំងនោះអាចត្រូវបានបំពាក់ដោយ GPS សម្រាប់បង្ហាញពីផ្លូវធ្វើដំណើរបានឆាប់រហ័សជាង វាគឺជារថយន្តប្រើអគ្គិសនី មិនមានការបំពុលទៅក្នុងខ្យល់ កាត់បន្ថយការបង្កគ្រោះថ្នាក់ដោយចៃដន្យណាមួយ អ្នកជិះមានសុវត្ថិភាពជាងមុន កាត់បន្ថយអត្រាមនុស្សស្លាប់ដោយគ្រោះថ្នាក់បានច្រើនបំផុត ការខាតបង់ប្រាក់ និងពិការភាពដោយ គ្រោះថ្នាក់ត្រូវបានកាត់បន្ថយដូចគ្នា។
ហេតុផលនៅមានច្រើនទៀត ព្រោះចំនួនរថយន្ត និងបន្តកើនឡើងចំណែកផ្លូវសម្រាប់ធ្វើដំណើរលែងអាចពង្រីកទៀតបាន ចំនួនមនុស្ស និងកើនឡើងក៏ដូចជាការកើនឡើងនៃអ្នកបើកបរដែរ ដូច្នេះការអភិវឌ្ឍឲ្យមានរថយន្តគ្មានមនុស្សបញ្ជា គឺជាដំណោះស្រាយមួយមុនគេ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរឲ្យបានប្រសើរជាងមុន ព្រោះរថយន្តទាំងនោះទទួលការប្រាប់ពីផ្លូវដែលត្រូវទៅតាមរយៈ GPS បង្ហាញផ្លូវដោយខ្លួនឯង វាអាចដឹងថាត្រូវបើកផ្លូវណា ដើម្បីគេចពីផ្លូវដែលកំពុងស្ទះចរាចរណ៍ ឬមានចរាចរណ៍មមាញឹកច្រើន ។
ក្នុងករណីដែលការអភិវឌ្ឍយានយន្តគ្មានមនុស្សបញ្ជានេះ ទទួលបានជោគជ័យ វាអាចជួយធ្វើឲ្យការបើកបរមានសុវត្ថិភាពច្រើនជាងមុន និងអាចជាការចាប់ផ្ដើមបើកផ្លូវទៅរកការផលិតយានយន្តដែលមិនប្រើផ្លូវ ដែលអាចធ្វើដំណើរក្នុងរយៈកំពស់ល្មមដូចយន្តហោះដ្រូន (Drone) ។
នាពេលសព្វថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍ប្រហែល ៨០ភាគរយ គឺបង្កឡើងដោយមនុស្ស ដូច្នេះបើសិនគេអាចផលិតយានយន្តគ្មានមនុស្សបញ្ជាបាន ជិវិតមនុស្សជាច្រើននឹងត្រូវបានការពារ ពីគ្រោះថ្នាក់ទាំងនោះជាមិនខាន ។
រហូតមកដល់ពេលនេះ ទាំងក្រុមហ៊ុន Apple, Google និងក្រុមហ៊ុនផលិតរថយន្ត ព្រមជាមួយក្រុមហ៊ុនជាច្រើនទៀតកំពុងមមាញឹកអភិវឌ្ឍន៍ រថយន្តគ្មានមនុស្សបញ្ជានេះនៅឡើយក្នុងនេះមានក្រុមហ៊ុន Google មួយប៉ុណ្ណោះដែលកំពុងនាំមុខគេ ព្រោះបានចាប់ផ្ដើមធ្វើគម្រោងនេះមុនគេ ។
គេនៅពុំទាន់ដឹងនៅឡើយទេថា តើវាត្រូវការប្រើពេលប៉ុន្មានឆ្នាំទៀត ទើបអាចសម្រេចកិច្ចការនេះបាន ។ បើសិនជាការអភិវឌ្ឍយានយន្តគ្មានមនុស្ស បញ្ជានេះទទួលបានជោគជ័យ ចោរលួចរថយន្តក៏លែងមាន ប្រុសៗលួចចេញទៅខាងក្រៅក៏លែងអាចធ្វើបានដោយស្រួល ព្រោះរថយន្ត ទៅដល់ទីណាក៏អាចដឹងបានភ្លាមៗតាមរយៈការផ្ដល់ឲ្យដោយ GPS ។
តែវាមិនសំខាន់ស្មើការជួយដល់អាយុជីវិតរបស់មនុស្សនោះឡើយ ៕
ប្រភព៖ rasmeinews