លោកអ្នកប្រហែលជាធ្លាប់គិតហើយ មហាសេដ្ឋី ឬអ្នកមាន ដែលមានប្រាក់សម្រាប់ចាយយ៉ាងក្រាស់ក្រាល តែងតែចូលចិត្តចំណាយលើសម្ភារៈ នឹងរបស់មានតម្លៃ ឲ្យឡូយឆាយទៅតាមភាពទាន់សម័យ ឬចង់បង្ហាញពីទ្រព្យ ដែលពួកគេមាន តែសម្រាប់ស្ថាបនិក Facebook លោក Mark Zuckerberg មិនមែនជាមនុស្សជំពូកនេះនោះទេ។
លោក Mark Zuckerberg បានឆ្លើយតបទៅនឹងសំនួរ ដែលបុគ្គលម្នាក់បានសួរគាត់ក្នុងកិច្ចប្រជុំមួយ នៅប្រទេសឥណ្ឌាថា “ហេតុអ្វីបានជាលោក ពាក់តែអាវពណ៌ប្រផេះដូចគ្នា រាល់ថ្ងៃយ៉ាងនេះ?” លោក Mark បានឆ្លើយថា “វាមិនមែនជារឿង ដែលខ្ញុំត្រូវចំណាយកម្លាំងជាមួយនោះទេ ព្រោះខ្ញុំចង់ធ្វើ កាត់បន្ថយការសម្រេចចិត្ត នៅក្នុងជីវិតរបស់ខ្ញុំ ដើម្បីទុកពេលសម្រេចចិត្តឲ្យបានល្អ សម្រាប់បម្រើសហគមន៍របស់ខ្ញុំ”។
ការលើកឡើងនេះ មានន័យថា ប្រសិនបើវាជារឿងមិនចាំបាច់ លោកអ្នកមិនគួរណាចំណាយពេលច្រើន ដើម្បីសម្រេចចិត្តនោះទេ គួរណាស់ទុកពេលទាំងនោះ ទៅធ្វើអ្វីដែលមានប្រយោជន៍ ទើបជីវិតកាន់តែប្រសើរ។ តែទោះជាយ៉ាងនេះក៏ដោយ កាលពីម្សិលមិញ លោកបានបង្ហោះលើគេហទំព័រហ្វេសប៊ុករបស់លោកថា លោកដល់ថ្ងៃចូលធ្វើការវិញហើយ តែមិនដឹងជ្រើសរើសអាវមួយណាដើម្បីពាក់ទេ ទោះបីក្នុងទូគាត់មានតែ ២ជម្រើសក៏ដោយ។
លើសពីនេះទៅទៀត លោក Mark Zuckerberg បានចំណាយប្រមាណ ៣ម៉ឺនដុល្លារប៉ុណ្ណោះ លើការទិញរថយន្ត ព្រោះលោកយល់ថា ជីវិតរបស់លោកគឺរស់នៅដើម្បីបំពេញសេចក្តីសុខខាងក្នុង មិនមែនខាងក្រៅនោះទេ។ វាជាសារដ៏ល្អមួយ ដែលបង្ហាញថា ទោះបីជា លោកអ្នកមានទ្រព្យច្រើនយ៉ាងណា ពុំគួរណារស់នៅដើម្បីសម្ភារនិយមនោះទេ គឺត្រូវរស់នៅដើម្បីសេចក្តីសុខខាងក្នុង ព្រោះសម្ភារៈទាំងនោះ មិនអាចបំពេញសេចក្តីសុខរបស់លោកអ្នកបានរហូតនោះទេ ហើយពេលខ្លះវាអាចនាំអន្តរាយដល់លោកអ្នកទៀតផង។
តួយ៉ាងមានបុគ្គលជោគជ័យមួយចំនួនទៀត ដែលពាក់សម្លៀកបំពាក់ដដែលរាល់ថ្ងៃ ដូចជា Steve Jobs, Barack Obama, Albert Einstein ជាដើម៕
ប្រភព៖ Bu-cambodia