សាលាបារាំង Insead ដែលបង្រៀនថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA) បានជាប់ជាសាលានាំមុខគេប្រចាំឆ្នាំ២០១៦ ។ នេះជាការទទួលបានចំណាត់ថ្នាក់លេខមួយលើពិភពលោកជាលើកដំបូងរបស់សាលា ពាណិជ្ជកម្មបារាំង ដែលចាត់ថ្នាក់ដោយសារព័ត៌មានដ៏ល្បីល្បាញរបស់អង់គ្លេស Financial Times នារយៈពេលជិត២០ឆ្នាំកន្លងមកនេះ។
ក្នុងចំណោមសាលា MBA កំពូលចំនួន១០០ បារាំងមានសាលាតែ៤ប៉ុណ្ណោះ ខណៈចក្រភពអង់គ្លេសមាន១៥ និងសហរដ្ឋអាមេរិកមានចំនួន៤៧ បន្ថែមពីលើនេះ សាលាអាមេរិកមានរហូតដល់ទៅ៧ក្នុងចំណោម Top 10 ។
ក្រៅពីមានទីតាំងនៅ Fontainebleau ប្រទេសបារាំង សាលា INSEAD ក៏មានសាខានៅសឹង្ហបុរីនិង Abu Dhabi ប្រទេសអារ៉ាប់រួមអេមីរ៉េតផងដែរ។ សម្រាប់ឆ្នាំនេះ INSEAD បានរុញឲ្យសាលាអាមេរិក Harvard Business School ដែលគ្រប់គ្រងជើងឯក៦ឆ្នាំជាប់ៗគ្នា ធ្លាក់ទៅចំណាត់ថ្នាក់លេខ២វិញ។
លោក Ilian Mihov សកលវិទ្យាធិការសាលា Insead បានបង្ហាញពីមោទនភាពដែលសាលាលោកទទួលបានតាមរយៈការជាប់ចំណាត់ថ្នាក់ កំពូលនៅលើពិភពលោក។ លោកបានបញ្ជាក់ថា មានសិស្សជាង៥០០០០នាក់ ដែលមាន១៥៧សញ្ជាតិ និងមកពី១៧៤ប្រទេសផ្សេងៗគ្នា បានបញ្ជប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA) នៅ Insead។
ការចាត់ថ្នាក់របស់ Financial Times ផ្អែកលើកត្តាសំខាន់ៗចំនួន២០ ដែលក្នុងនោះមានដូចជា អត្រាមានការងារធ្វើរបស់សិស្សដែលបញ្ចប់ការសិក្សា ចំនួនសិស្សស្រី ចំនួនប្រទេសដែលប្រភពដើមរបស់សិស្ស និងជាពិសេសប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ នារយៈពេល៣ឆ្នាំក្រោយបញ្ចប់ការសិក្សា។
បើទោះបីជា Insead ទទួលបានលេខ១លើចំណាត់ថ្នាក់រួមក៏ដោយ តែបើផ្អែកលើប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ សាលាពាណិជ្ជកម្មបារាំងមួយនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ៧ (១៦៦ ៥១០ដុល្លារអាមេរិកក្នុង១ឆ្នាំ) សាលា Havard Business School ស្ថិតនៅលេខ៤ (១៧២ ៥០១ដុល្លារអាមេរិកក្នុង១ឆ្នាំ) ខណៈសិស្សដែលរៀនចប់នៅសាលាអាមេរិក Graduate School of Business នៃសាកលវិទ្យាល័យ Stanford រដ្ឋកាលីហ្វនីញ៉ា ទទួលបៀវត្សរ៍រហូតដល់ទៅ ១៨៥ ៩៣៩៣ដុល្លារអាមេរិកក្នុងមួយឆ្នាំ៕
ប្រភព៖ thmeythmey