នៅខែក្រោយនេះ ជប៉ុនគ្រោងនឹងហោះហើរសាកល្បងនូវយន្តហោះចម្បាំងថ្មីបំផុតរបស់ខ្លួន ហើយពួកគេសង្ឃឹមថាគ្មាននរណាអាចកត់សម្គាល់ឃើញវានោះទេ។ ពិតមែនហើយ មិនមែនថាគ្មាននរណាម្នាក់កត់សម្គាល់ឃើញវានោះទេ ប៉ុន្តែជាមួយនឹងគ្រប់ប្រភេទយន្តហោះបំបាំងកាយ គោលដៅរបស់វាគឺបង្វែងដានកុំឱ្យរ៉ាដាចាប់សញ្ញាវាបាន។ ក្នុងដំណើរការផលិតអស់រាប់ឆ្នាំ យន្តហោះចម្បាំង Mitsubishi Advanced Technology Demonstrator-X ដែលឥឡូវប្តូរឈ្មោះទៅជា X-2 ត្រូវបានរចនាឡើងដើម្បីឱ្យសមទៅនឹងយោធាដ៏រឹងមាំនិងទំនើបរបស់ជប៉ុន ។
ខណៈសារព័ត៌មានជាច្រើននឹងកត់សម្គាល់ឃើញថា X-2 គឺជាយន្តហោះចម្បាំងបំបាំងកាយ តែវាមើលទៅស្រដៀងទៅនឹងយន្តហោះ X-47B របស់អាមេរិកទាក់ទងនឹងមុខងារបច្ចេកវិជ្ជា Demonstrator ជាជាងយន្តហោះផលិតពីរោងចក្រទូទៅ។ ខណៈអាមេរិកលើសពីចង់នាំចេញយន្តហោះបំបាំងកាយ F-35 Joint Strike Fighter របស់ខ្លួននោះ សហរដ្ឋអាមេរិកនៅតែរក្សាភាពផ្តាច់មុខរបស់ខ្លួនលើយន្តហោះចម្បាំង មានប្រៀបជាងគេលើអាកាសរបស់ខ្លួនគឺយន្តហោះ F-22។ ដូច្នេះសម្រាប់ជប៉ុន ដើម្បីទទួលបានយន្តហោះចម្បាំងបំបាំងកាយមានសមត្ថភាពខ្ពស់ ជប៉ុនត្រូវតែបង្កើតដោយខ្លួនឯង។
ដូច្នេះហើយទើបមានយន្តហោះចម្បាំង X-2។ យន្តហោះនេះមានម៉ាស៊ីនពីរដូច F-22 ដែរ និងមានប្រវែង ១៤ ម៉ែត្រគុណ ៩ ម៉ែត្រ។ ការបំបាំងកាយជាធម្មតាអាចសម្រេចបានតាមរយៈការផ្គុំចូលគ្នារវាងវត្ថុ ធាតុនានាដែលអាចស្រូបយករលករបស់រ៉ាដា និង តាមរយៈរាងរ៉ូវរបស់យន្តហោះ ដែលអាចចៀសចេញពីប្រដាប់ចាប់សញ្ញារបស់រ៉ាដា។
គេនៅរង់ចាំមើលសិនថាតើយន្តហោះ X-2 របស់ជប៉ុននឹងមានសមត្ថភាពខ្ពស់កម្រិតណាពេលសាកល្បងហោះហើរក្នុងពេល ខាងមុខដ៏ខ្លីនេះ៕
ប្រភព ៖ rasmeinews