ឥណ្ឌា៖ បុរស ជាជាងឈើជនជាតិឥណ្ឌាអាយុ ៤៣ឆ្នាំម្នាក់ ដែលមានម្រាមដៃជើងដល់ទៅ ២៨ម្រាម និយាយថាគាត់ត្រូវបន្ថែមការប្រុងប្រយ័ត្នខ្ពស់ ក្រែងលោម្រាមត្រូវដាច់ដោយប្រការណាមួយពេលកំពុងធ្វើការដ៏ គ្រោះថ្នាក់មួយនេះ។
លោកឈ្មោះ Devendra Suthar រស់នៅក្រុង Himmatnagar រដ្ឋ Gujarat ភាគខាងកើតប្រទេសឥណ្ឌា ដែលមានម្រាមច្រើនជាងមនុស្សផ្សេងទៀតនៅលើផែនដី និងបានទទួលស្គាល់ដោយកំណត់ត្រាពិភពលោក Guinness Book of World Records ផងដែរ។
បើតាមសម្ដីបុរសខាងលើ លោកកើតជំងឺដ៏កម្រម្យ៉ាងធ្វើឲ្យម្រាមដៃជើងច្រើនពីកំណើត ឈ្មោះ Polydactylism ដោយម្រាមដៃម្ខាងចំនួន៧ និងជើងម្ខាងមានម្រាម៧ស្មើៗគ្នា។ លោកប្រាប់ថា៖ “ដោយសារតែខ្ញុំមានម្រាមច្រើនខុសគេ ធ្វើឲ្យអ្នករស់នៅម្ដុំនោះចាត់ទុកខ្ញុំជាតារាមួយរូប ។ ពួកគេតែងតែមកមើលខ្ញុំ និងធ្វើឲ្យអារម្មណ៍ខ្ញុំប្លែក។ ចំណែកកូនៗរបស់ខ្ញុំតែងតែអស់សំណើច ពេលខ្ញុំលេងសៀកឆ្ពិនភ្នែកដោយម្រាមទាំងនេះ”។
បើនិយាយពីការកាត់ចេញវិញ គាត់មិនដែលចង់ឡើយ ដោយថា វាបានធ្វើឲ្យជាមនុស្សល្បី គ្រប់គ្នាចង់ជួប និងចាត់ទុកជារឿងសំណាងមួយ។ តែគាត់មានការលំបាកពេលធ្វើការងារជាជាងឈើ ព្រោះអាចភ្លាត់កាត់ដៃម្រាមខ្លួនឯង ដែលត្រូវប្រយ័ត្នគ្រប់ពេល៕
ប្រភព៖ Daily Mail , sabay