មនុស្សយ៉ាងតិច២៨នាក់ស្លាប់ និង៦១នាក់ផ្សេងទៀតរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់រថយន្តកណ្ដាលរដ្ឋធានី Ankara ប្រទេសទួរគី ដែលហេតុការណ៍នេះកើតឡើងនៅក្បែរអគាររដ្ឋសភាជាតិ ព្រមទាំងអគាររដ្ឋាភិបាលធំៗឯទៀត រួមទាំងទីស្នាក់ការយោធាប្រចាំប្រទេសផងដែរ នេះបើយោងតាមសារព័ត៌មាន Reuters ។
ការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានគេឲ្យដឹងថា មានចេតនាសំដៅលើយោធារបស់ទួរគីតែម្ដង ព្រោះគោលដៅនៃការវាយប្រហារគឺ រថយន្តយោធាដែលកំពុងឈប់រង់ចាំស្តុបនៅកណ្ដាលផ្លូវដែលមានមនុស្ស ច្រើន ។
ការវាយប្រហារលើកនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលទួរគីចាត់ទុកជាអំពើភេរវកម្មដ៏កំសាក មួយ ដែលមិនហ៊ានចេញមុខ ហើយត្រូវបានគេឲ្យដឹងទៀតថា ករណីនេះមានការរៀបចំរួចជាស្រេចមុននឹងកើតមានការបំផ្ទុះរថយន្ត នេះ ។
ខណៈដែលមិនទាន់មានក្រុមឧទ្ទាមណាចេញមុខអះអាងថាជាទង្វើរបស់ ខ្លួន មន្ត្រីរដ្ឋាភិបាលទួរគីបានទម្លាក់ការសង្ស័យទៅលើក្រុមឧទ្ទាម Kurdish ប៉ុន្តែក្នុងនោះក៏មានអ្នកទម្លាក់ការចោទប្រកាន់ទៅលើក្រុមឧទ្ទាម ជ្រុលនិយមរដ្ឋឥស្លាម ISIS ដែរ ។
គួរបញ្ជាក់ថា ភ្លាមៗក្រោយភេរវកម្មនេះកើតឡើង ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេស Azerbaijan រីឯនាយករដ្ឋមន្ត្រី លោក Ahmet Davutoglu បានលុបចោលការធ្វើដំណើរទៅកាន់ទីក្រុង Brussels ប្រទេសបែលហ្ស៊ិក ដើម្បីប្រជុំជាមួយសមាជិកសហភាពអឺរ៉ុបភ្លាមៗតែម្ដង ៕