ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានទទួលទានជាមួយពិធីករទូរទស្សន៍ និងជាចុងភៅ លោក អ៊ែនថូនី ប័រដេន (Anthony Bourdain) ក្នុងរដ្ឋធានីវៀតណាមកាលពីថ្ងៃចន្ទ (២៣ ឧសភា)។ ការសន្ទនារបស់អ្នកទាំងពីរ ដែលកើតឡើងអំឡុងការទទួលទាន "បាញ់ ឆា" (សាច់ជ្រូកអាំង និងនំបញ្ចុក) នឹងត្រូវចាក់ផ្សាយក្នុងកម្មវិធីរបស់លោកប័រដេន Parts Unknown នៃប៉ុស្តិ៍ CNN។
លោកប័រដេនបាននិយាយតាម Twitter ថា អាហារមួយពេលនេះអស់ថ្លៃត្រឹមតែ ៦ ដុល្លារប៉ុណ្ណោះ។ តារាក្នុងកម្មវិធី No Reservations រូបនេះក៏បានស៊ែរលើ Instagram ផងដែរថា "ជំនាញកាន់ចង្កឹះរបស់លោកប្រធានាធិបតីគឺជាចំណុចចាប់អារម្មណ៍ជាងគេ" ។
ប្រធានាធិបតីអូបាម៉ាបានជួបតារាទូរទស្សន៍រូបនេះក្នុងអំឡុង ការធ្វើដំណើររយៈពេលបីថ្ងៃដែលធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូ របស់អាមេរិកជាមួយវៀតណាម ចំពេលដែលមានការកើនឡើងការអះអាងសិទ្ធិកាន់កាប់របស់ចិនក្នុងតំបន់។
កាលពីព្រឹកថ្ងៃចន្ទ លោកបានប្រកាសការសម្រេចចិត្តរបស់ប្រទេសរបស់លោកថានឹងដកបម្រាមលក់ អាវុធទៅវៀតណាមទាំងស្រុង ដោយដកចោលនូវបម្រាមចំណាស់រាប់ទសវត្សរ៍មកលើអតីតសត្រូវរបស់ខ្លួន៕