ម្ចាស់ឡានម៉ាក Lamborghini ដែលកំពុងឆាបឆេះនេះត្រូវគេដឹងថា គឺទើបតែទិញឡានជជុស ហើយធ្វើដំណើរមកបង្អួតអ្នកផ្ទះ ស្រាប់តែមិនទាន់បានដល់ផ្ទះផង ក៏មានរឿងគួរឱ្យភ្ញាក់ផ្អើលកើតឡើងលើមហាវិថីមួយកន្លែងជិតក្រុង អ៊ូហាន ប្រទេសចិន ភាគខាងត្បូង ។
ឡានដែលមានល្បឿនលឿនបំផុតដល់៣៤០គីឡូម៉ែត ក្នុងមួយម៉ោង អាចមានតម្លៃស្មើនឹង៥០០,០០០ផោន (Pound) ប្រសិនបើទិញថ្មី ។ ប៉ុន្តែសម្រាប់ឡានដែលនៅក្នុងរូបនេះ ត្រូវបានទិញក្នុងតម្លៃ១០០,០០០យ័ន (Yuan) ឬ១០,០០០ផោនប៉ុណ្ណោះ ។
បើតាមសេចក្តីរាយការណ៍បានប្រាប់ឱ្យដឹងថា មានអ្នកជិះម៉ូតូឃើញមានផ្សែងដ៏ខ្មៅក្រឹបហុយចេញពីគូទឡាន ហើយរាលដាលដល់ក្បាលឡាន ។ បន្ទាប់ពីឈប់ឡានរួចហើយ ម្ចាស់ឡានដ៏កម្សត់ម្នាក់នោះ ធ្វើអ្វីមិនបានក្រៅពីឈរមើលឡានដ៏ថ្មីរបស់ខ្លួន កំពុងត្រូវបានឆាបឆេះនោះទេ ។ បើតាមអ្នកយកព័ត៌មាននៅទីនោះអះអាងថា ឡានមានចំហេះមិនឈប់សោះ ។
ប៉ូលីសចរាចរណ៍ និងកងពលកូលអគ្គីភ័យបានមកធ្វើអន្តរាគមន៍ភ្លាមៗ ។ ចំណែកបុរសដែលជាម្ចាស់ឡានមិនត្រូវបានរងរបួសឡើយ ។ ពេលមកដល់កន្លែងកើតហេតុ ប៉ូលិសស៊ីវិល បានព្យាយាមប្រើឧបករណ៍ពន្លត់អគ្គិភ័យទៅលើឡាននោះដែរ ប៉ុន្តែឡាននោះកាន់តែឆាបឆេះខ្លាំងឡើង រហូតខាងអគ្គិភ័យមកដល់ ទើបហេតុការណ៍ត្រូវបានសម្រួលមកវិញ ។ ប៉ុន្តែភ្លើងដ៏ខ្លាំងក្លាបាននាំយករូបរាងដ៏ឡូយសង្ហារបស់ឡាន Lamborghini ទៅបាត់ទៅហើយ បន្សល់ទុកតែគំនរផេះ និងកំទេចកម្ទីមួយចំនួនប៉ុណ្ណោះ។
ម្ចាស់ឡានបានប្រាប់ឲ្យដឹងថា លោកបានត្រឹមតែទិញធានារ៉ាប់រងធម្មតាតែប៉ុណ្ណោះ លោកមិនបានគិតទៅលើចំហេះដ៏ចម្លែកពីឡានថ្មីរបស់គាត់ឡើយ។ ដូច្នេះ ហើយក្រុមហ៊ុនធានារ៉ាប់រង អាចនឹងមិនឱ្យសំណងទៅគាត់ឡើយ។