នាង Lauren Wasser អាយុ ២៤ ឆ្នាំជាតារាម៉ូដែលដែលមានក្តីសុបិនចង់ក្លាយជាកីឡាករបាល់បោះជាតិផ្នែកនារី WNBA ម្នាក់ស្ទើរនឹងបាត់បង់ជីវិតដោយសារតែឆ្លងរោគសញ្ញាពុលស្យុក (Toxic Shock Syndrome)។ នាងបានរ៉ាយរ៉ាប់ប្រាប់ពីអារម្មណ៍របស់នាងពេលដែលត្រូវបាត់បង់ជើងម្ខាងដោយសារតែជំងឺនេះ ហើយថ្មីៗនាងបានផ្តល់បទសម្ភាសន៍ជាថ្មីម្តងទៀតដើម្បីដាស់តឿននារីៗពីគ្រោះថ្នាក់ដែលបង្កឡើងដោយសំឡីអនាម័យស៊ក Tampon។
នាងបានបន្តទៀតថា៖ “ខ្ញុំត្រូវតែចែករំលែករឿងនេះដល់អ្នកផងដើម្បីឱ្យពួកគេបានដឹងពីរឿងរ៉ាវដែលបានកើតឡើង ក៏ដូចជានិយាយក្នុងនាមជាអ្នកតំណាងក្មេងៗនារីដែលបានបាត់បង់ជីវិតដោយសារតែសំឡីអនាម័យ”។ “ខ្ញុំមិនមែនគាំទ្រតែជនពិការប៉ុណ្ណោះទេ តែខ្ញុំគឺគាំទ្រនារី និងសិទ្ធនារី។”
រឿងរបស់នាងគឺពិតជាគួរឱ្យរន្ធត់ណាស់៖ ពេលនោះនាងកំពុងតែប្រើប្រាស់សំឡីអនាម័យដែលមានកម្រិតស្រូបខ្ពស់ ហើយធ្វើតាមទម្លាប់ប្រចាំថ្ងៃរបស់នាង បន្ទាប់មកនាងក៏មានអារម្មណ៍ថាមិនស្រួលខ្លួន។ នាងក៏បានទៅសម្ងំគេង ហើយប៉ុន្មានថ្ងៃក្រោយមកគេឃើញនាងដេកផ្កាប់មុខលើឥដ្ឋក្នុងបន្ទប់ដេករបស់នាង “ខ្វះតែ ១០ នាទីទៀតនាងអាចស្លាប់បាន”។
នាងមិនបានចាំច្បាស់ពេលដែលនាងគេងនៅមន្ទីរពេទ្យឡើយ ពេលនោះនាងកំពុងតែត្រូវគេបញ្ចូលខ្យល់អុកស៊ីហ្សែន ព្រោះថាគ្រប់សរីរាង្គរបស់នាងមិនដំណើរការ បន្ទាប់មកពេទ្យក៏ចាប់ផ្តើមដាក់ថ្នាំនាងឱ្យសន្លប់ដើម្បីការពារជីវិតនាង។ រឿងដំបូងគេដែលនាងចងចាំបន្ទាប់ពីងើបពីសន្លប់គឺនាងលឺសម្តីគ្រូពេទ្យប្រាប់ម្តាយនាងថានាងមានជំងឺឆ្លង ចាំបាច់ត្រូវកាត់ជើងស្តាំចោល។
នាង Wasser បានអរគុណមិត្តស្រីរបស់នាងដែលបានជួយនាងក្នុងអំឡុងពេលដែលនាងជួបរឿងអាក្រក់នេះ។ បន្ទាប់ពីឃើញរូបថតខ្លួនឯងពោរពេញដោយការឈឺចាប់ និងបន្ទាប់ពីបានជាស្រួលបួលឡើងវិញធ្វើឱ្យនាងយល់ឃើញថា “នាងស្រស់ស្អាតជាងពេលណាៗទាំងអស់ ទាំងក្នុងនិងក្រៅ។”
ពេលនេះនាង Wasser កំពុងស្ថិតក្នុងការប្តឹងផ្តល់ជាមួយក្រុមហ៊ុន Kimberly-Clark Corporation (ក្រុមហ៊ុនដែលផលិតសំឡីអនាម័យ Kotex Natural Balance ដែលនាងប្រើប្រាស់ធ្វើឱ្យនាងមានជំងឺ TSS) រួមនឹងប្តឹងហាងលក់ទំនិញដែលលក់សំឡីអនាម័យនេះឱ្យនាងផងដែរ។ នាងនៅតែតាំងចិត្តបន្តប្តឹងផ្តល់ទាមទារយុត្តិធម៌ពីក្រុមហ៊ុនទាំងនេះដើម្បីឱ្យស្ត្រីគ្រប់រូបយល់ដឹងពីគ្រោះថ្នាក់ដែលសំឡីអនាម័យអាចបង្កឡើង។អ្នកអាចមើលវីដេអូបទសម្ភាសន៍របស់នាងនៅលើ VICE។