បរទេស ៖ ប្រទេសវេណេស៊ុយអេឡា បានជួបបញ្ហា ដាច់ចរន្តអគ្គិសនីជាថ្មីម្ដងទៀត បន្ទាប់ជួបបញ្ហាដាច់ចរន្តអគ្គិសនី ជាច្រើនថ្ងៃស្ទើរតែទូទាំងប្រទេស ០៣ដងរួចមកហើយ គិតចាប់តាំងពីថ្ងៃទី៧ ខែមីនា កន្លងនោះ កាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) ស្ទើរតែទូទាំងប្រទេស ខណៈដែលបញ្ហានេះទើបតែត្រូវបានដោះស្រាយរួចនា ប៉ុន្មានសប្តាហ៍មកនេះប៉ុណ្ណោះ ការជួបបញ្ហា កើតឡើងក្នុងរដ្ឋមានចំនួន ២០ ក្នុងចំណោមរដ្ឋទាំងអស់ ២៣ ក្នុងនោះរួមមានទាំងទីក្រុងការ៉ាកាស់ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Twitter បានរាយការណ៍ ហើយបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩ នេះ។
ចំណែកឯរដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានលោក ហ្សក រ៉ូទ្រីហ្គែស (Jorge Rodriguez) ក៏បានបញ្ជាក់ដែរថា អាជ្ញាធរបានសម្រេចចិត្តបិទសាលារៀន មួយចំនួនជាបណ្ដោះអាសន្ន ខណៈការិយាល័យរដ្ឋាភិបាល និងហាងទំនិញនានា ត្រូវបានបង្គាប់ឱ្យផ្អាកប្រតិបត្តិការរបស់ខ្លួន រហូតដល់ម៉ោង ២៖០០នាទីរសៀល (ម៉ោងក្នុងតំបន់) ស្របពេលកម្មករអគ្គិសនី កំពុងព្យាយាមដោះស្រាយបញ្ហា។
គួររំលឹកថា លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចោទថាសហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយការវាយប្រហារព័ត៌មានវិទ្យា ប្រឆាំងនឹងប្រព័ន្ធផ្គង់ផ្គង់អគ្គិសនីប្រទេសរបស់លោក បើទោះជាទីក្រុងវ៉ាស៊ីនតោនបានបដិសេធក៏ដោយ៕