(តូក្យូ)៖ នៅថ្ងៃចន្ទនេះបានប្រកាសថា សម័យកាលអធិរាជថ្មី ឬសករាជថ្មីរបស់ប្រទេសជប៉ុន នឹងត្រូវផ្លាស់ប្ដូរឈ្មោះទៅជា រៃវ៉ា «Reiwa» វិញ សម័យកាលអធិរាជថ្មីរបស់ជប៉ុន «Reiwa» ឬមានន័យថា «ភាពសុខដុម» នឹងត្រូវជំនួសសម័យកាលអធិរាជ ហ៊ៃសី «Heisei» ឬមានន័យថា «សន្តិភាពឈ្នះគ្រប់ទីកន្លែង» នៃប្រចៅអធិរាជបច្ចុប្បន្ន អាគីហ៊ីតុ (Akihito) នៅពេលដែលព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ណារុហ៊ីតុ (Naruhito) ក្លាយជាព្រះចៅអធិរាជថ្មី យោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Naruhito នឹងចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិ តាមបែបប្រពៃណីធំមួយ ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីព្រះចៅអធិរាជ Akihito ដាក់រាជ្យជាផ្លូវការនៅថ្ងៃទី៣០ ខែមេសា បញ្ចប់សម័យកាលអធិរាជ Heisei ដែលចាប់ផ្ដើមឡើងតាំងតែពីឆ្នាំ ១៩៨៩មក។ ព្រះចៅអធិរាជ Akihito នឹងក្លាយអធិរាជជប៉ុន ដំបូងគេបំផុត ដែលដាក់រាជ្យសម្បត្តិ ក្នុងរយៈពេលជាង ២០០ឆ្នាំមកនេះ។>