មាត្រា ៤៥
លើកលែងតែមានកិច្ចព្រមព្រៀង ឬអនុសញ្ញាអន្ដរជាតិទទួលស្គាល់បណ្ណបើកបរទៅវិញទៅមកជាទ្វេភាគី ឬពហុភាគីជាមួយព្រះជាណាចក្រកម្ពុជា ជនបរទេសដែលចូលមករស់នៅស្របច្បាប់ ហើយមានបំណងបើកបរលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានបណ្ណបើកបរព្រះរាជាណាចក្រកម្ពុជាតាមមធ្យោបាយពីរយ៉ាង ៖
១- ត្រូវប្រឡងយកបណ្ណបើកបរដូចប្រជាពលរដ្ឋខ្មែរដែរ ។
២- ត្រូវយកបណ្ណបើកបររបស់ប្រទេសខ្លួនមកប្តូរយកបណ្ណបើកបរកម្ពុជា ដោយដាក់ពាក្យសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
ក- ត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព ។
ខ- ត្រូវមានបណ្ណបើកបរមានសុពលភាព ។
គ- មានអាសយដ្ឋានច្បាស់លាស់ដោយមានសេចក្ដីបញ្ជាក់របស់មេឃុំ ឬចៅសង្កាត់ ។
ឃ- មានលិខិតបញ្ជាក់កាយសម្បទា ។
ង- ក្នុងករណីដែលបណ្ណបើកបរមិនសរសេរជាភាសាអង់គ្លេស ឬភាសាបារាំង ត្រូវតែបកប្រែជាភាសាខ្មែរ ឬភាសាអង់គ្លេស ឬភាសាបារាំងដោយមានការបញ្ជាក់ទទួលស្គាល់ពីស្ថានទូត ឬទីស្ថានកុងស៊ុល ឬទីស្ថានរបស់បេសកកម្មរបស់ខ្លួន ។
សុពលភាពបណ្ណបើកបររបស់ជនបរទេស ដែលត្រូវប្ដូរយកបណ្ណបើកបរកម្ពុជាមានរយៈពេល ១ (មួយ) ឆ្នាំ ។ សុពលភាពបណ្ណបើកបររបស់ជនបរទេសដែលបានប្រឡងជាប់មានរយៈពេលដូចគ្នានឹងពលរដ្ឋខ្មែរដែរ ។
ជនបរទេសដែលមានបណ្ណបើកបរប្រភេទ គ ឃ និង ង មិនអាចប្ដូរយកបណ្ណបើកបរកម្ពុជាប្រភេទ គ ឃ និង ង បានឡើយ ប៉ុន្ដែអាចប្ដូរយកបណ្ណបើកបរប្រភេទ ក និង ខ បាន ។