មាត្រា ៥៦
ការរៀបចំទុកទំនិញ និងមនុស្សត្រូវអនុវត្តដូចខាងក្រោម៖
១- ការផ្ទុះទំនិញលើយានជំនិះ ត្រូវរៀបចំឲ្យបានត្រឹមត្រូវដើម្បីការពារនឹង៖
• ការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬការធ្វើឲ្យខូចទ្រព្យសម្បត្តិសាធារណៈ ឬឯជនដោយការអូស ឬធ្លាក់តាមផ្លូវ
• ការបាំងភ្នែកអ្នកបើកបរ ឬការធ្វើអន់ថយដល់លំនឹងយាន និងការបើកបរយាន
• ការបង្កឲ្យមានសំលេង ឬការបង្កើនធូលី ឬការធ្វើឲ្យរំខានផ្សេងៗទៀតដែលអាចជៀសវាងបាន
• ការធ្វើឲ្យបាំងភ្លើងស្តុប ភ្លើងសញ្ញាប្តូរទិស កញ្ជក់ចាំងពន្លឺ និងផ្លាកលេខយានយន្ត។
២- គ្រប់ឧបកណ៍ការពារបន្ថែមដូចជាខ្សែនីឡុង ខ្សែកាប់ច្រវាក់ និងកំរាល់សំពត់តង់ ដែលប្រើប្រាស់សម្រាប់សុវត្ថិភាព ឬការពារទំនិញ ត្រូវគ្រប និងចងឲ្យបានជាប់ល្អ។
៣- ក្នុងគ្រប់ករណីនៃការផ្ទុកវត្ថុផ្សេងៗដែលមានបណ្ដោយវែង បន្ទុកនោះមិនត្រូវឲ្យលូតហួសពីគែមខាងមុខនៃយាន និងមិនត្រូវឲ្យហួសពីគែមខាងក្រោយនៃយានប្រវែង ៣(បី) ម៉ែត្រ ឬធ្លាក់អូសដីឡើយ។
៤- ប្រសិនបើបន្ទុកត្រូវលូតហួស ១(មួយ) ម៉ែត្រពីគែមខាងក្រោយនៃយាន ពេលថ្ងៃត្រូវចងក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ជក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក។ ទទឹងបន្ទុកមិនត្រូវឲ្យលើសពីគែមទទឹងយាន ហើយកម្ពស់មិនត្រូវឲ្យហួសលលលលើសពីដំបូលយានឡើយ លើកលែងតែរថយន្តផ្ទុកមនុស្សចំនួនអតិបរមាត្រឹម ២០(ម្ភៃ) នាក់ ដែលអាចផ្ទុកទំនិញកម្ពស់អតិបរមាត្រឹម ០,៥០(សូន្យក្បៀសហាសិប) ម៉ែត្រពីលើដំបូល និងត្រូវមានជើងទម្រ ឬរនាំងចាប់ភ្ជាប់ដំបូល យ៉ាងរឹងមាំ។
៥- ក្នុងករណីផ្ទុកទំនិញគ្រោះថ្នាក់ ត្រូវរៀបចំទុកដាក់ ឬវេចខ្ចប់ឲ្យមានសុវត្ថិភាពល្អ ហើយត្រូវសរសេរឈ្មោះប្រភេទ និងបិទផ្លាកសញ្ញាសម្គាល់វត្ថុគ្រោះថ្នាក់នោះ។
៦- ការដឹកជញ្ជូនមនុស្សត្រូវមានកៅអីអង្គុយ ឬមានបង្កាន់ដៃ ឬប្រដាប់តោងឈររឹងមាំ ហើយត្រូវឲ្យមានផាសុខភាពល្អ។
ការផ្ទុកមនុស្សត្រូវហាមឃាតដូចខាងក្រោម៖
• ហាមផ្ទុកមនុស្សលើសពីចំនួនកន្លែងអង្គុយដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន
• ហាមផ្ទុកមនុស្សនៅលើដំបូលកាប៊ីន ឬដំបូលរថយន្ត
• ហាមតោងពីមុខ ពីក្រោយ ឬពីចំហៀងរថយន្ត
• ហាមផ្ទុកមនុស្សនៅលើរ៉ឺម៉ក់ ឬសឺមីរ៉ឺម៉ក់
• ហាមផ្ទុកវត្ថុដែលមានក្លិនអាក្រក់ ឬមានជាតិពុលក្នុងរថយន្តដឹកមនុស្ស។
៧- បច្ចេកទេសផ្ទុក ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។