មាត្រា ៦៦
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវឃាត់យានជំនិះមិនឲ្យធ្វើចរាចរណ៍ ឬឃាំងទុកយានជំនិះរយៈពេលមិនលើសពី ៣(បី) ថ្ងៃ ដើម្បីធ្វើការពិន័យ និងកែតម្រូវលក្ខណៈបច្ចេកទេសទៅតាមករណីដែលអ្នកបើកបរបានប្រព្រឹត្តល្មើសនឹងបញ្ញាត្តិចរាចរណ៍ ដូចខាងក្រោម៖
១- យានជំនិះដែលអ្នកបើកបរកំពុងស្ថិតនៅក្នុងភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,២៥ (សូន្យក្បៀសម្ភៃប្រាំ) ដល់ ០,៧៩(សូន្យក្បៀសចិត្តប្រាំបួន) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥០(សូន្យក្បៀសហាសិប) ដល់ ០,៧៩(សូន្យក្បៀសចិត្តប្រាំបួន) ក្រាមក្នុងមួយលីត្រឈាម ឬស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន។
២- យានជំនិះដែលអ្នកបើកបរមិនព្រមឲ្យសមត្ថកិច្ចត្រួតពិនិត្យអត្រាជាតិអាល់កុល ឬសារធាតុញៀន។
៣- យានជំនិះដែលមានលក្ខណៈបច្ចេកទេសមិនញគ្រប់គ្រាន់ អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
៤- យានជំនិះដែលបញ្ចេញផ្សែងខ្លាំង ឬសំឡេងម៉ាស៊ីនខ្លាំងលើសបទដ្ឋានបច្ចេកទេស ឬបំពាក់ប្រព័ន្ធភ្លើងបំភ្លឺខុសស្ដង់ដាកំណត់ធ្វើឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ឬអ្នកដែលរស់នៅជាប់ដងផ្លូវថ្នល់។
៥- យានជំនិះផ្ទុកទំនិញ ឬអ្នកដំណើរនាំឲ្យបាំង ឬទើសទែងដល់អ្នកបើកបរ ឬហួសកម្រិតកំណត់។
៦- យានជំនិះដែលចតចោលនៅលើទ្រូងផ្លូវក្នុងទីប្រជុំជនលើសពី ២៤ម៉ោង។
៧- យានយន្តដែលបើកបរហួសពេលកំណត់ត្រួតពិនិត្យលក្ខណៈបច្ចេកទេស។
៨- យានយន្តដែលបើកបរលើសល្បឿនកំណត់ចាប់ពី ៤០ (សែសិប) គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ។