កំពង់ចាម៖ នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៥ អង្គមិទិ្ទញដង្ហែក្បួនដើម្បីផ្សព្វផ្សាយបទបញ្ញត្តិសំខាន់ៗ ស្តីពី ចរាចរណ៍ផ្លូវគោក និង ប្រការដែលអ្នកបើកបរត្រូវចងចាំ ។ ក្បួនដង្ហែមួយបានដង្ហែចេញពី សាលាជាតិកសិកម្មខេត្តកំពង់ចាមក្រោមការដឹកនាំរបស់ លោក ផុន មករាឌី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ក្នុងគោលបំណងផ្សព្វផ្សាយ បទបញ្ញត្តិសំខាន់ៗ ស្តីពី ចរាចរណ៍ផ្លូវគោក និង ប្រការដែលអ្នកបើកបរត្រូវចងចាំ ក្នុងនោះដែរមានការចូលរួមរបស់ ក្រុមនិស្សិតស្ម័គ្រចិត្ត និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាប្រមាណ ១៦០នាក់ ដែលបានដង្ហែជុំវិញទីក្រុងកំពង់ចាម និងផ្តោតសំខាន់ទៅលើប្រការសំខាន់ៗមួយចំនួន។
ប្រការសំខាន់ៗទាំងនោះមានដូចជា៖ ១.ត្រូវមានបណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្តដែលអ្នកកំពុងបើកបរ ២.ត្រូវបើកបរដោយចេះការពារខ្លួន ៣.ត្រូវពាក់ខ្សែក្រវាត់សុវត្តិភាពនៅពេលបើកបរ ៤.ត្រូវពាក់មួកសុវត្តិភាពពេលបើកបរ និង អ្នករួមដំណើរតាមម៉ូតូ ៥.ត្រូវចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ ៦.ត្រូវចាំជានិច្ចថា (ជីវិតគ្មានដាក់លក់នៅលើទីផ្សារទេ) ៧.កុំផ្ទុកមនុស្ស ឬ ទំនិញលើសចំនួនកំណត់ ៨.កុំបើកបរហួសល្បឿនកំណត់ ៩. កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងសារជាតិញៀនគ្រប់ប្រភេទ ១០.កុំជែងដោយប្រថុយនឹងគ្រោះថ្នាក់ ១១.កុំប្រើទូរស័ព្ទក្នុងពេលបើកបរ ១២.កុំប្រមាថជីវិតអ្នកដទៃដូចដែលយើងមិនចង់អោយអ្នកដទៃប្រមាថជីវិតយើងដែរ និងបទបញ្ញត្តិសំខាន់ៗផ្សេងទៀតនៃអនុក្រឹត្យស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានជាឃោសនៈសព្ទ និង ការចែកជាខិតប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋ ពេលធ្វើដំណើរតាមដងផ្លូវ និង តាមទីប្រជុំជននានា។
ស្ថិតក្នុងឱកាសនោះដែរ លោកអនុប្រធាន សហភាពសហពន្ធ័យុវជនកម្ពុជាខេត្តកំពង់ចាមលោក ក៏បានមានមតិសំណូមពរដល់ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវទាំងអស់ អោយពាក់មួកសុវត្ថិភាព និង ខ្សែក្រវាត់ការពារ និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអោយ ស្របនិងពាក្យ ស្លោក « ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍» និងជាចុងក្រោយសូមថ្លែងអំណរគុណទៅដល់ប្រធានមន្ទីរជុំវិញខេត្ត និង អង្គការ NGO ដែលបានជួយឧបត្ថម្ត ជាសំភារៈដូចជាខិតប័ណ្ណជាដើម៕