មាត្រា ៨៣
ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញាតិ្តស្ដីពីចរាចរណ៍ផ្លូវគោកតមម្រូវ បណ្ដាលឲ្យមានរបួសដល់អ្នកដទៃ ហើយបណ្ដាលឲ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី ៨(ប្រាំបី) ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ២(ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន)រៀល ទៅ ១០,០០០,០០០(ដប់លាន)រៀល និងអាចត្រូវផ្ដន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា ៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ ។
អពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ប្រាំមួយលាន) រៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយដូចខាងក្រោម៖
ក- បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។
ខ- ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
គ- បណ្ដាលឲ្យមានរបួសមនុស្សច្រើននាក់។
ឃ- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។
ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះទោសបន្ថែម ដូចតទៅនេះអាចត្រូវបានប្រកាស៖
១- ការហាមឃាតចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥(ប្រាំ) ឆ្នាំយ៉ាងច្រើន។
២- ការហាមឃាតចំពោះការបើកបរយានយន្ត ទោះបីជាប្រភេទណាក៏ដោយសម្រាប់រយៈពេល ៥(ប្រាំ) ឆ្នាំ យ៉ាងច្រើន។
៣- ការព្យួរលិខិតបើកបរ សម្រាប់រយៈពេល ៥(ប្រាំ) ឆ្នាំ យ៉ាងច្រើន។
៤- ការបិទផ្សាយសេចក្តីសម្រេចផ្ដន្ទាទោស សម្រាប់រយៈពេល ២ (ពីរ) ខែ យ៉ាងច្រើន។
៥- ការផ្សាយសេចក្តីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មាន។
៦- ការផ្សាយសេចក្តីសម្រេចផ្ដន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់រយៈពេល ៨(ប្រាំបី) ថ្ងៃ យ៉ាងច្រើន។