យោងតាមសៀវភៅណែនាំស្តីពី តួនាទី ភារកិច្ចនិងរបៀបរបបការងាររបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែលបោះពុម្ពដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ឆ្នាំ២០១០ វិមជ្ឈការ មានន័យថា រាជរដ្ឋាភិបាល ប្រគល់នូវភាពជាម្ចាស់ លើមុខងារសិទ្ធិអំណាចការទទួលខុសត្រូវ និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ឲ្យទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ដូចជា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន។
ឧទាហរណ៍៖ រាជរដ្ឋាភិបាលបានផ្ទេរថវិកាចំនួន ៤០លានរៀលសម្រាប់ជាថវិការបស់រដ្ឋបាលស្រុកមួយក្នុងគោលដៅនៃការអភិវឌ្ឍ។ ក្រុមប្រឹក្សាស្រុកនោះមានភាពជាម្ចាស់ក្នុងការគ្រប់គ្រង ចាត់ចែងនិងប្រើប្រាស់ថវិកានោះដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់ស្រុកដោយផ្អែកតាមកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ស្រុកដែលបានអនុម័តដោយក្រុមប្រឹក្សា ដូចជា សម្រាប់ជីអណ្ដូងទឹកស្អាតជួសជុលផ្លូវលំនិងផ្សព្វផ្សាយអំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនៅក្នុងសហគមន៍តាមតម្រូវការរបស់ប្រជាពលរដ្ឋជាដើម។
ក្នុងន័យនេះថវិកា៤០លានរៀលរដ្ឋាភិបាលបានផ្តល់នូវភាពជាម្ចាស់ក្នុងការគ្រប់គ្រងដល់ក្រុមប្រឹក្សា ហើយក្រុមប្រឹក្សាមានភាពម្ចាស់ក្នុងការជ្រើសរើសគម្រោងមួយចំនួនដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់ថវិកានេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការប្រើប្រាស់ថវិកាទាំងនេះក្រុមប្រឹក្សាត្រូវតែអនុវត្តតាមនីតិវិធីដែលបានចែងក្នុងច្បាប់និងលិខិតបទដ្ឋានស្តីពីថវិកាស្រុក។
ចំណែកឯ វិសហមជ្ឈការ មានន័យថា រាជរដ្ឋាភិបាលឬក្រសួង ស្ថាប័ន ធ្វើប្រតិភូកម្ម មុខងារ សិទ្ធិអំណាច និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ទៅអង្គភាពក្រោមបង្គាប់ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនេះក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ឬស្ថាប័ននោះ។ ក្នុងន័យនេះភាពជាម្ចាស់មិនបានផ្តល់ជូនអង្គភាពក្រោមបង្គាប់ឬក្រុមប្រឹក្សាឡើយ។ រាជរដ្ឋាភិបាល ឬក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលបានរក្សាភាពជាម្ចាស់នោះ។
ឧទាហរណ៍ ១៖ ក្រសួងកសិកម្មធ្វើប្រតិភូកម្មមុខងារផ្សព្វផ្សាយបច្ចេកទេសកសិកម្មឲ្យទៅមន្ទីរកសិកម្មខេត្ត ព្រមទាំងផ្តល់ធនធាននិងបច្ចេកទេសឲ្យមន្ទីរកសិកម្មខេត្តដើម្បីផ្សព្វផ្សាយដល់ប្រជាកសិករនៅក្នុងខេត្តរបស់ខ្លួន។ មន្ទីរកសិកម្មខេត្តធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មតាមការណែនាំរបស់ក្រសួងកសិកម្ម ក្នុងនាមជាតំណាងឲ្យក្រសួងកសិកម្ម។
ឧទាហរណ៍ ២៖ ក្រសួងមហាផ្ទៃធ្វើប្រតិភូកម្មមុខងារធ្វើសេចក្តីចម្លងអត្រានុកូលដ្ឋានទៅឲ្យក្រុមប្រឹក្សាស្រុក ហើយអភិបាលស្រុកត្រូវបានប្រគល់ឲ្យអនុវត្តការងារនេះក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន។ ក្នុងការធ្វើប្រតិភូកម្មមុខងារនេះ ក្រសួងមហាផ្ទៃនឹងផ្តល់នូវធនធាននិងការបណ្តុះបណ្តាលសមត្ថភាព ដល់អភិបាលស្រុកនិងមន្ត្រីរក្សាសៀវភៅអត្រានុកូលដ្ឋាន។ អភិបាលស្រុកនិងមន្ត្រីរក្សាសៀវភៅអត្រានុកូលដ្ឋានស្រុក អនុវត្តការចម្លងសំបុត្រអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋក្នុងស្រុករបស់ខ្លួន តាមការណែនាំពីក្រសួងមហាផ្ទៃនិងក្នុងនាមក្រសួងមហាផ្ទៃ៕
ប្រភព៖ thepanews